សមត្ថកិច្ចស្រុកត្រាំកក់ បង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតម្សៅក្រាមសង្ស័យ ២៤កញ្ចប់
តាកែវ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន។
ករណីទី១ បានធ្វើឡើងនៅ ល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។
ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន៖ឈ្មោះ សុវណ្ណ មករា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលសមត្ថកិច្ចសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់។
ឈ្មោះ អ៉ឹម ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ពាក់ព័ន្ធនឹងការប្រើប្រាស់។
ឈ្មោះ កង រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្រើប្រាស់។
ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ករណីទី២ បានកើតឡើងនៅវេលាម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដដែល ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត រួមមាន៖
ឈ្មោះ ស៊ង សុខឃ្លីន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់។ឈ្មោះ សុំ សីហា ហៅ ឆាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់។
ឈ្មោះ ស្រ៊ុន ខៀវ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងការប្រើប្រាស់។
សមត្ថកិច្ចបានដកហូតវត្ថុតាងក្នុងករណីទី២ រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
សរុបក្នុងប្រតិបត្តិការបង្ក្រាប ២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ និងដកហូតម្សៅក្រាមសង្ស័យជាសារធាតុញៀនសរុប ២៤កញ្ចប់ ព្រមទាំងទូរស័ព្ទដៃ៤គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។
ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






