បទ​យកការណ៍​៖ ​ការជីក​រំលើង​ឫសគល់​បណ្ដាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទទួលបាន​ជោគជ័យ​មួយ​ជំហាន​ដ៏​ធំ​គួរឱ្យកត់សម្គាល់​

ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦–រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​ដើម្បី​បង្ក្រាប និង​បោសសម្អាត​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) យ៉ាង​ចាស់ដៃ​ក្រោម​បទបញ្ជា​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុង​យុទ្ធនាការ​រយៈពេល​មួយឆ្នាំ ​(​គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ខែមិថុនា ឆ្នាំ​២០២៦) សមត្ថកិច្ច​ចម្រុះ​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​សង្ស័យ និង​បិទ​មជ្ឈមណ្ឌល​ស្កេ​ម​បាន​រហូតដល់ ៧៣៧កន្លែង ​បញ្ជូន​ជនសង្ស័យ​ជិត ៣០០០នាក់ ​ទៅកាន់​តុលាការ និង​បណ្តេញ​ជនបរទេស​ខុសច្បាប់​ជាង ២១០០០នាក់​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រតិបត្តិការ​នេះ​ផ្តោតលើ​ការ​វាយកម្ទេច​មេខ្លោង និង​ការប្រើប្រាស់​ច្បាប់​ថ្មី​ដែល​អនុញ្ញាតឱ្យ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ចំពោះ​អ្នករៀបចំខ្សែបណ្តាញ​ស្កេ​មអនឡាញ។​

​ប្រតិបត្តិការ​បោសសម្អាត​ដែល​បានចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២៥ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២៦នេះ​ គឺជា​យុទ្ធនាការ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន ដែល​ប្រើប្រាស់​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ជិត ​៣០០០០កន្លែង ​នៅ​ទូទាំងប្រទេស ក្នុងនោះ​៖ ក្នុងចំណោម​ទីតាំង​ខុសច្បាប់​ដែល​រកឃើញ​សមត្ថកិច្ច​បានសម្រេច​បិទ​ចោល​ទាំងស្រុង​នូវ​មណ្ឌល​ស្កេ​មអនឡាញ​ចំនួន ៧៣៧កន្លែង។ ជាមួយគ្នានេះ​កាស៊ីណូ​ចំនួន ១៩៥ ត្រូវបាន​បើក​ការស៊ើបអង្កេត​យ៉ាង​ដិតដល់​ដោយ​ក្នុងនោះ ១៩កាស៊ីណូ ​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ជា​ស្ថាពរ​ និង៣០​កន្លែង​ទៀត​ ត្រូវបានសម្រេចឱ្យ​ផ្អាកប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​។​សំណុំរឿង​ធំៗ​ចំនួន ២៦៨​ករណី ​ត្រូវបាន​កសាងឡើង និង​បញ្ជូន​ទៅកាន់​សាលាដំបូង ដោយមាន​ជនសង្ស័យ​សរុប ២ ៧៧៣នាក់ ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ។ ក្នុងនោះ​មាន​ជាង ២២០០នាក់ ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​បណ្តោះ​អាសន្ន ហើយជនបរទេស​ចំនួន ២១ ១០០នាក់ ​មាន ៣៨សញ្ជាតិ (​រួមមាន​ជនជាតិ​ចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ​ និងបង់​ក្លា​ដេ​ស​។ល។) ដែល​ពាក់ព័ន្ធ​នឹង​បណ្តាញ​ឆបោក ​និង​គ្មាន​ឯកសារ​ស្របច្បាប់ ត្រូវបាន​ប​ណ្តេញ​ចេញពី​កម្ពុជា​តាមរយៈ​ច្រកទ្វារព្រំដែន និង​អាកាសយានដ្ឋាន​អន្តរជាតិ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​យុទ្ធនាការ​បោសសម្អាតស្កេ​មអនឡាញ ឯកឧត្តម ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​៖« ក្រោម​ការដឹកនាំ ​និង​បញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កម្លាំង​នគរបាលជាតិ​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ​និង​ឆ្មក់​បង្ក្រាប​ដោយ​មិន​រួញ​រា។ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២៦ នេះ​យើង​បាន​បិទ​ទីតាំង ស្កេ​ម​អន​ឡាញខុសច្បាប់​បាន​ចំនួន ៧៣៧​កន្លែង ​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ​ពាក់ព័ន្ធ​ចំនួន ១៩កន្លែង ​និង​បាន​បណ្តេញ​ជនបរទេស​ខុសច្បាប់​ចេញពី​កម្ពុជា​ចំនួន ២១១០០នាក់​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​ទិន្នន័យ​ទាំងនេះ​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រាជរ​ដ្ឋា​ភិ​បាលថា កម្ពុជា​មិនមែនជា​ជម្រក​សន្តិសុខ ឬ​ជា​កន្លែង​លាង​លុយ​របស់​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​នោះឡើយ​។ អ្នកណា​ប្រព្រឹត្តល្មើស​ត្រូវតែ​ទទួលទោស​តាមច្បាប់​»​។​

​តាមរយៈ​ការចុះ​បង្ក្រាប​ផ្ទាល់​ពី​កម្លាំង​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មណ្ឌល​ស្កេ​មអនឡាញទាំងនេះ ​មិនមែនជា​ការបោកប្រាស់​ធ​ម្ម​តា​នោះទេ ​ប៉ុន្តែ​វា​ជា​ឧក្រិដ្ឋកម្ម​ដែលមាន​ការចាត់តាំង​៖ ​ទីតាំង​នីមួយៗ​ត្រូវបាន​គ្រប់គ្រង​ដោយមាន​មេការ​ធំ ចាំ​បែងចែក​ការងារ​ទៅឱ្យ​មេក្រុម ​(Team Leaders)​ ដើម្បី​ដាក់​គោលដៅ​ត្រួតពិនិត្យ​បុគ្គលិក​ឱ្យធ្វើ​សកម្មភាព​ឆបោក ​និង​កត់ត្រា​បញ្ជី​ទិន្នន័យ​ជនរងគ្រោះ​យ៉ាង​មាន​ប្រព័ន្ធ​។ រចនាសម្ព័ន្ធ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានា​ដំណើរការ​ឆបោក​ដោយ​ខុសច្បាប់។​

​ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន ឧបករណ៍​ប្តូរ​លេខ​ទូរស័ព្ទ (VoIP) ​និង​កម្មវិធី​ផ្ញើ​សារ​សម្ងាត់ ដើម្បី​បិទបាំង​អត្តសញ្ញាណ និង​ទីតាំងពិតប្រាកដ​របស់​ពួកគេ​។ ពួកគេ​ប្រើ​រូបភាព​បោកប្រាស់​ឱ្យ​វិនិយោគ​លើ​រូបិយប័ណ្ណ​ឌីជីថល​ក្លែងក្លាយ (Crypto Scams) ​ការបោកប្រាស់​បង្កើត​ស្នេហា​តាម​អនឡាញ (Romance Scams) និងការបង្កើត​កម្មវិធី​កម្ចី​ប្រាក់​ខុសច្បាប់​តាម​អន​ឡាញ​ដើម្បី​ល្បួង​ជនរងគ្រោះ​ស្លូតត្រង់​ទាំង​ក្នុង និង​ក្រៅប្រទេស​ ឱ្យចូលអន្ទាក់។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ បានផ្តល់​ការបកស្រាយ​ និង​ព្រមាន​ចំពោះ​ពួកឧក្រិដ្ឋជន​ថា​៖«​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​ដំណើរការ​ជា​លក្ខណៈ​ប្រព័ន្ធ និង​មាន​ល្បិចកល​ខ្ពស់​ណាស់ ។ ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​លាក់​មុខ កត់ត្រា​បញ្ជី​ទិន្នន័យ​ជនរងគ្រោះ​យ៉ាង​មាន​របៀប និង​បំប្លែង​លុយ​ដែល​បោកប្រាស់​បាន​ទៅជា​រូបិយប័ណ្ណ​ឌីជីថល ​(Crypto)​ ដើម្បី​គេចវេស​ពី​ការតាមដាន​»​។

​ឯកឧត្តម បានបន្ថែម​ថា​៖ «​ទោះជា​យ៉ាងណា​គ្មាន​ឧក្រិដ្ឋជន​ណា​អាច​លាក់ខ្លួន​ពួន​អាត្មា​បាន​រហូត​នោះទេ។​ សមត្ថកិច្ច​ជំនាញ​របស់​យើង​បាន​ពង្រឹងសមត្ថភាព បច្ចេកទេស និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ដើម្បី​ស្វែងរក​ខ្សែបណ្តាញ​ និង​វាយកម្ទេច​មជ្ឈមណ្ឌល​ប​ញ្ជា​ទាំងនោះ​ពី​ខាងក្នុង​» ។

​របត់​ដ៏​សំខាន់បំផុត​នៅក្នុង​យុទ្ធនាការ​នេះ​គឺ​សមត្ថកិច្ច​មិន​ត្រឹមតែ​ចាប់​បុគ្គលិក​កម្រិត​ទាប​នោះទេ ប៉ុន្តែ​បាន​វាយកម្ទេច​ដល់​បណ្តាញ​ខ្សែរយៈ និង​ចាប់ខ្លួន​មេខ្លោង​ធំៗ និង​ធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​កម្រិត​កំពូល​ដែល​បញ្ជា​ពីក្រោយ​ខ្នង​នូវ​បណ្តាញ​ឆបោក និង​លាងលុយកខ្វក់​លំដាប់​អន្តរជាតិ។ ​មេខ្លោង​ធំៗ​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន ​និង​ធ្វើ​បត្យាប័ន​បញ្ជូនទៅ​កាត់ទោស​នៅ​ប្រទេស​ចិន ក្នុងនោះ​រួមមាន​លោក Chen Zhi (ស្ថាបនិក​ក្រុមហ៊ុន Prince Holding Group) លោក Liu Ren (​ស្ថាបនិក Jinbei Group) ​និង​លោក Li Xiong (​អតីត​ប្រធាន​ក្រុមហ៊ុន Huione Group) ​ដែលជា​មុខសញ្ញា​ស្កេ​មអនឡាញ​លំដាប់​អន្តរជាតិ​។​

​ដើម្បី​ធានាថា​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នេះ​មិនអាច​ងើបឡើង​វិញ​បាន​ នៅ​ខែមេសា​ឆ្នាំ២០២៦ កម្ពុជា​បានប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។ យោងតាមច្បាប់​ថ្មី​នេះ ​មេខ្លោង ឬ​អ្នករៀបចំ​ខ្សែបណ្តាញ​ស្កេ​ម​អន​ឡាញ​ដែល​សកម្មភាព​របស់​ពួកគេ​បង្កឱ្យមាន​ការធ្វើ​ទារុណកម្ម ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ឬ​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នឹងត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ១ពាន់​លាន​រៀល។ ច្បាប់​នេះ​ផ្តល់​ភាពយុត្តិធម៌ ​និង​ការការពារ​យ៉ាង​តឹងរ៉ឹង​ដោយ​មិន​ចាត់ទុក​បុគ្គល​ដែល​រង​ការបង្ខិតបង្ខំ​ឬ​ត្រូវបាន​ជួញដូរ​ពលកម្ម​ឱ្យធ្វើ​ការ​ក្នុង​មណ្ឌល​ស្កេ​ម​ជា​ឧក្រិដ្ឋជន​ឡើយ ពោលគឺ​ពួកគេ​ជា​ជនរងគ្រោះ​ដែល​ត្រូវ​ទទួលបាន​ការសង្គ្រោះ និងការ​ការពារ​។​

​ជាមួយគ្នានេះផងដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បានបញ្ជាក់​យ៉ាងច្បាស់ៗ​ថា​៖ «​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ផ្លូវការ គឺជា​អាវុធ​គតិយុត្តិ​ដ៏​មាន​ឥទ្ធិពល​បំផុត។ ច្បាប់​នេះ​ចែង​ច្បាស់​ណាស់​ថា​មេខ្លោង ឬ​អ្នករៀបចំ​ខ្សែបណ្តាញស្កេ​ម​អន​ឡាញ ដែល​បង្កឱ្យមាន​ការធ្វើ​ទារុណកម្ម ឬ​ការ​បង្ខាំង​មនុស្ស នឹងត្រូវ​ប្រឈមមុខនឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​»​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា​៖ «​យើង​មិន​ត្រឹមតែ​ចាប់​បុគ្គលិក​កម្រិត​ក្រោម​នោះទេ គោលដៅ​ចម្បង​គឺ​ការ​កាត់ផ្តាច់​ខ្សែសង្វាក់​បទល្មើស​ដោយផ្ទាល់​ពី​មេក្លោង​ធំៗ។ ​ការចាប់ខ្លួន ​និង​ធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​កម្រិត​កំពូលៗ​បញ្ជូនទៅ​កាត់ទោស​នាពេល​កន្លងមក គឺជា​ភស្តុតាង​បង្ហាញថា​គ្មាន​នរណាម្នាក់​មាន​បុព្វសិទ្ធិ​អាច​រស់នៅ​ពីលើ​ច្បាប់​របស់​កម្ពុជា​បានឡើយ​»​។​

​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​ ​បង្កើន​ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​ទាន់​ហេតុការណ៍​ស្តីពី​បណ្តាញ​ឆបោក​ ក៏ដូចជាការ​ផ្លាស់ប្តូរ​បទពិសោធន៍ពីបច្ចេកវិទ្យា និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់​ កម្ពុជាសហការជាមួយផ្នែកពាក់ព័ន្ធទាំងកម្រិតជាតិ និងអន្តរជាតិ រួមគ្នា​កំចាត់​ការ​ឆបោក​តាម​អន​ឡាញ ដែល​កំពុង​គំរាមកំហែង​ដល់​សន្តិសុខ សេដ្ឋកិច្ច ​និង​សង្គមជាតិ​។

នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ «​សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា» ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​អញ្ជើញ​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា​សរុប​ជាង ៣០ ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះដោយសន្និសីទ​នេះ​នឹងត្រូវ​រៀបចំឡើង​ក្រោម​ប្រធានបទ៖ ​«​រួមគ្នា​ឆ្ពោះទៅរក​ការ​កាត់ផ្តាច់​ខ្សែសង្វាក់ និង​បញ្ចប់​ការ​ឆបោក​តាម​អន​ឡាញ​»​។​

​ទោះបីជា​មិនទាន់មាន​បញ្ជី​ឈ្មោះ​ផ្លូវការ​ទាំង ៣០ប្រទេស​ក៏ដោយ​ ប៉ុន្តែ​តាមរយៈ​ជំនួប​ការទូត​ និង​ការប្រកាស​ផ្លូវការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កាលពីពេលកន្លងមក ប្រទេស​ និង​ស្ថាប័ន​មាន​ឥទ្ធិពល​ទាំងនេះ​បាន​បញ្ជាក់ថា​ប្រាកដជា​ចូលរួម។ ប្រទេស​ឥណ្ឌា​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ​និង​ត្រៀមខ្លួន​ចែករំលែក​បទពិសោធន៍​បច្ចេកវិទ្យា។ ប្រទេស​ឥណ្ឌូណេស៊ី​តាមរយៈ​អនុរដ្ឋមន្ត្រី​ការបរទេស​លោក Arif Havas Oegroseno បានបញ្ជាក់​ការគាំទ្រ ​និង​បញ្ជូន​ប្រតិភូ​មក​ចូលរួម។ សហរដ្ឋអាមេរិក តាមរយៈ​នាយក FBI លោក Kash Patel បានបញ្ជាក់​ថា​នឹង​ចាត់តាំង​គណៈប្រតិភូ​ជាន់ខ្ពស់​របស់ FBI ក​ចូលរួមដោយ​ផ្ទាល់។ ប្រទេស​ចិន​ក្នុងនាម​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ក្នុងការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ឆ្លងដែន​ក៏បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ។​

​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត ​បាន​បញ្ជាក់ថា​៖ «កម្ពុជា​មិនមែនជា​ជម្រក​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​នោះទេ ហើយ​យុទ្ធនាការ​នេះ​គឺជា ការ​បោសសម្អាត​ផ្ទះសម្បែង ដើម្បី​ស្តារ​កិត្តិយស​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ។ ការពង្រឹង​យុទ្ធសាស្ត្រ​រួម​ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រឆាំង​ការ​ឆបោក​តាម​អន​ឡាញ ដើម្បី​បង្កើន​កិច្ចសហការ​ និងការចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​សកលលោក»។​

​សម្តេច​ធិបតី​បាន​គូសបញ្ជាក់ផងដែរថា ​យុទ្ធនាការ​បង្ក្រាប​បណ្ដាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា ​សម្រេចបាន​ជោគជ័យ​មួយ​ជំហាន​​ធំ​គួរឱ្យកត់សម្គាល់​។​ ប៉ុន្តែ​សម្ដេច​បាន​ក្រើនរម្លឹក​ដល់​អាជ្ញា​ធរមាន សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​បន្ត​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​មិន​ដក​ដៃ​ជាដាច់ខាត។ សម្តេច​ចាត់ទុក​ការជីក​រំលើង​ឫសគល់​របស់​បណ្ដាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​គឺជា​ការ​បោស​សម្អាតផ្ទះ​របស់​យើង​ឱ្យ​ស្អាត ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការពង្រឹង​ខ្លួន​របស់​កម្ពុជា​ដើម្បី​ឈានទៅ​ពង្រឹង​វិស័យ​ផ្សេងៗ​ទៀត ​ពិសេស​ការពង្រឹង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​។​

​សរុបសេចក្តី​មក​យុទ្ធនាការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា មិនមែនជា​កិច្ចប្រតិបត្តិការ​បណ្តោះអាសន្ន ឬ​ធ្វើឡើង​មួយ​ឆាវ​នោះឡើយ ប៉ុន្តែ​វា​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​ការចូលរួមចំណែក​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។ អនាគត​នៃ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​កម្ពុជា​ត្រូវតែ​ផ្អែកលើ​គ្រឹះ​ដែលមាន​ទំនុកចិត្ត ភាព​ស្អាតស្អំ និង​សុវត្ថិ​ភាពជា​ចម្បង។ តាមរយៈ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដោយ​គ្មាន​ការលើកលែង និង​ការបង្កើន​កិច្ចសហការជាអន្តរជាតិ រាជរដ្ឋាភិបាលបានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​ពិភពលោក​ថា កម្ពុជា​នឹងមិន​អនុញ្ញាតឱ្យ​ទឹកដី​របស់ខ្លួន​ក្លាយជា​ជម្រក​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​នោះទេ ​ហើយ​ជ័យជម្នះ​នៅក្នុង​សមរភូមិ​នេះ គឺជា​ជម្រើស​តែមួយគត់​ដើម្បី​គូសវាស​មុខមាត់​ថ្មី​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ៕

You might also like