ខឹងក្មេងជេរ! បុរសម្នាក់ប្រើអំពើហិង្សាលើកុមារីយ៉ាងព្រៃផ្សៃ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
សមត្ថកិច្ចបន្តថា៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ឈ្មោះ សេង ប្រុស ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលត្រូវជាជីតារបស់ជនរងគ្រោះឈ្មោះ សុខ ផ្លយ ភេទស្រី អាយុ ១១ឆ្នាំ ស្តីពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងលើ បង្កដោយជនសង្ស័យឈ្មោះ សេង កូ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានធ្វើ សកម្មភាពប្រើដំបងឈើ និងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ពកក្បាលផ្នែកខាងក្រោយចំនួន ០១កន្លែង និងមានស្នាមជាំខ្នងជាច្រើនកន្លែង ព្រមទាំងមានស្នាមជាំនៅដើមដៃខាងឆ្វេងចំនួន ០១កន្លែង ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក។ ក្រោយពីទទួលបានបណ្តឹងពីជីតាជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យដែលប្រព្រឹត្តបទល្មើស រហូតនៅវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង កូ ភេទប្រុស អាយុ ៣០ឆ្នាំ រួមទាំងដកហូតវត្ថុតាងដំបងឈើ និងខ្សែក្រវ៉ាត់ នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងឈើ និងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសាររូបខ្លួនខឹងនឹងជនរងគ្រោះអាយុក្មេងហើយជេរប្រមាថមកលើរូបខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕






