នៅក្នុងតែ១សប្តាហ៍ក្នុងខែសីហា ឆ្នាំ២០២៦ មន្ត្រីជំនាញបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន៣៣ករណី និងកសាងសំណុំរឿងចំនួន៤ករណី
គ្រាន់តែក្នុងសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សនៅតាមមន្ទីរបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ រួមជាមួយប្រជាពលរដ្ឋ អ្នកស្រឡាញ់បរិស្ងាន និងអង្គការសមាគមសង្គមស៊ីវិល បានបង្ក្រាប បទល្មើសក្នុងតំបន់ការពារធម្មជាតិ បានចំនួន ៣៣ករណី និងបានកសាងសំណុំរឿងចំនួន៤ករណី បញ្ជូនទៅតុលាការ។ ជាមួយគ្នានេះ ក្រុមការងារ បានចាប់ឃាត់ រក្សាទុកវត្ថុតាងនៅតាមស្នាក់ការ ក្នុងតំបន់ការពារធម្មជាតិ រួមមាន៖ រថយន្តចំនួន ១គ្រឿង គោយន្ត/រ៉ឺម៉កចំនួន ៦គ្រឿង រណាយន្តចំនួន ២៥គ្រឿង កាំភ្លើងកែច្នៃចំនួន ៣ដើម និងអន្ទាក់ចំនួន ៦៨ខ្សែ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានដកហូតឈើ បានចំនួន ១៨,៤៣ម៣ និងបង្កាបការទន្រ្ទានដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ បានចំនួន ២,៧០ហិកតា។ –
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងមិនមានការលើកលែង ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការពារធនធានធម្មជាតិ និងការពង្រីកគម្របបៃតង នៅតាមតំបន់ការពារធម្មជាតិទាំង ៧៣ កន្លែងទូទាំងប្រទេស។
ជាមួយគ្នានេះ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងគោរពតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានបន្តធ្វើការរួមគ្នាជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សាលាដំបូងខេត្ត អង្គការ សមាគម សង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងធានានិរន្តរភាពបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបានជំរុញឱ្យការចុះល្បាត ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការស្រាវជ្រាវ ប្រមូលភស្តុតាង រៀបចំឯកសារឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនទៅតុលាការ មានន័យថា រាល់ជនល្មើស ដូចជាកាប់ព្រៃឈើ ឬទន្ទ្រានដីព្រៃខុសច្បាប់ ត្រូវបញ្ជូនទៅតុលាការ ដើម្បីឃុំខ្លួន និងចាត់វិធានការច្បាប់ទាំងស្រុង។
នៅក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ចំពោះបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ មាត្រា៨៥០ ចំណុច គ កាប់ ផ្តួល រំលំ គ្រៀវ ចងរឹត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត នឹងត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០៛ ទៅ ៥០០ ០០០ ០០០៛។






