ក្រសួងព័ត៌មានកំពុងដឹកនាំអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មកពី៣៩អង្គភាព ចុះយកព័ត៌មាននៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងព័ត៌មានកំពុងដឹកនាំអ្នកសារព័ត៌មានចំនួន៧៤រូប មកពី៣៩អង្គភាព ក្នុងនោះស្ថាប័នជាតិ ១៩ស្ថាប័ន ដែលមានអ្នកសារព័ត៌មានចំនួន៣៥រូប និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ២០អង្គភាព ដែលមានអ្នកកាសែត ៣៩រូប កំពុងចុះយកព័ត៌មានអតីតទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះ។ ទោះជាយ៉ាងណា កម្ពុជាបាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាម៉រិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព៕
សូមបញ្ជាក់ថា ការចុះយកព័ត៌មានរបស់អ្នកព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិនេះ គឺមុនប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗចំនួន៣។
គួររំឭកដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យ Online Scams បានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង Online Scams ទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញជនសង្ស័យជាជនបរទេសជាង២ម៉ឺនាក់៕

You might also like