អាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប គ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសបានជាង ៦គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ១១នាក់
(ភ្នំពេញ)៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ (ក្នុងនោះមានជនជាតិចិន ០១នាក់) និងរឹបអូសបានសារធាតុញៀនជាង ៦គីឡូក្រាម ព្រមទាំងអាវុធ និងគ្រាប់រំសេវមួយចំនួន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១២៖២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងអាវុធហត្ថបានចំណាយពេលស្រាវជ្រាវអស់ជាច្រើនថ្ងៃ។ ការចុះបង្ក្រាបនេះត្រូវបានអនុវត្តជាបន្តបន្ទាប់នៅទីតាំងចំនួន ០៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានសរុបរួមមាន៖
– សារធាតុញៀនចម្រុះប្រភេទ៖ ទម្ងន់សរុប ៦.២០៦២៧ គីឡូក្រាម
– អាវុធខ្លីចំនួន ០២ដើម៖ ម៉ាក K54 (បង់០១ មាន ០៦គ្រាប់) និងម៉ាក HK VP9 ចំនួន ០១ដើម
– គ្រាប់កាំភ្លើង៖ សរុបចំនួន ៤៣គ្រាប់ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចាត់បញ្ជូនទៅតុលាការផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន៕






