ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍បម្រើដល់ការស្រោចស្រពស្រូវវស្សា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងស្វាយរៀង
ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកនៅទីតាំងប្រព័ន្ធធារាសាស្ត្រសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីធានាដល់ការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករ។
ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវវស្សានៅអាងទឹកកំពង់ជ្រៃ ព្រមទាំងដំណើរការស្ថានីយបូមទឹកទី៤ ដែលកំពុងបូមទឹកស្រោចស្រពជូនប្រជាកសិករក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យសកម្មភាពកាយប្រឡាយមួយខ្សែរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលនាំទឹកពីទន្លេតូចតាមប្រឡាយវ៉ៃគោជំហាន១ មកបំពេញអាងកំពង់ជ្រៃ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាងទឹកកំពង់ជ្រៃស្តុកទឹកបានត្រឹមប្រមាណ ៣៥% នៃសមត្ថភាពសរុប ១១.៣លានម៉ែត្រគូប ដោយសារតំបន់នោះមានភ្លៀងធ្លាក់តិច។ ការចុះអន្តរាគមន៍ និងត្រៀមលក្ខណៈជាមុននេះ គឺដើម្បីធានាចែកចាយទឹកជូនកសិករបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាតស្រូវវស្សា-ប្រាំងឱ្យបានច្រើនបំផុត។ ដោយឡែក ខេត្តព្រៃវែងមិនទាន់ជួបប្រទះគ្រោះរាំងស្ងួត ឬជំនន់ធ្ងន់ធ្ងរនៅឡើយទេ ខណៈការបង្កបង្កើនផលស្រូវវស្សាគិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តបាន ២៧៦,៨០៤ហិកតា (ស្មើនឹង ៩២.២៧% នៃផែនការ ៣០០,០០០ហិកតា)។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់មន្ទីរជំនាញឱ្យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដោយទទួលខុសត្រូវខ្ពស់ ធានាផ្គត់ផ្គង់ទឹកជូនកសិករបានទៀងទាត់ និងជូនដំណឹងអំពីបរិមាណទឹកក្នុងអាងដល់សហគមន៍ប្រើប្រាស់ទឹកដើម្បីបែងចែកតាមតម្រូវការ។ ព្រមទាំងត្រូវគ្រប់គ្រងទ្វារទឹក និងប្រឡាយឱ្យបានល្អ ដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់ពេលខ្សត់ភ្លៀង រំដោះទឹកពេលមានជំនន់ និងបើកបញ្ចូលស្រែបានទាន់ពេលវេលាពេលមានការរាំងស្ងួត៕






