ព្រះសង្ឃមួយបានសុគត និង៣អង្គ/នាក់រងរបួស ដោយសារឆក់ខ្សែភ្លើងនៅវត្តបឹងកាចូត ខេត្តកំពង់ចាម

(កំពង់ចាម)៖ ហេតុការណ៍ឆក់ខ្សែភ្លើងដ៏សោកសៅមួយបានកើតឡើងនៅក្នុងបរិវេណវត្តបឹងកាចូតស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឱ្យជនរងគ្រោះចំនួន ៤អង្គ/នាក់រងរបួស ក្នុងនោះមានព្រះសង្ឃ ២អង្គ ហើយជាអកុសល ព្រះសង្ឃមួយអង្គបានសុគតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណ វត្តបឹងកាចូត ភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមព័ត៌មានបឋម បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ៤អង្គ/នាក់ មានអ្នករងរបួសស្រាល ២អង្គ/នាក់ និងអ្នករងរបួសធ្ងន់ ២អង្គ/នាក់ ក្នុងនោះរួមមាន៖
១. ព្រះសង្ឃព្រះនាម លោកតាព្រីង ព្រះជន្មាយុ ៦៩ព្រះវស្សា គង់នៅវត្តបឹងកាចូត ២. បុរសឈ្មោះ ជាង ម៉ៅ អាយុ ៥៤ឆ្នាំ រស់នៅភូមិបឹងកាចូត។
ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ទាំងពីរអង្គ/នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដើម្បីសង្គ្រោះ និងព្យាបាលជាបន្ទាន់ ជាអកុសល ទោះបីក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះក្តី ព្រះសង្ឃព្រះនាម លោកតាព្រីង បានសុគតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ បច្ចុប្បន្ន សពព្រះសង្ឃត្រូវបានដឹកតម្កល់នៅ វត្តបឹងកាចូត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
បើតាមព័ត៌មានបឋម ហេតុការណ៍នេះត្រូវបានសង្ស័យថា កើតឡើងដោយសារ ដងទង់ដែលកំពុងត្រូវបានលើកបានប៉ះជាមួយខ្សែអគ្គិសនីមេដែលរត់តាមបង្គោល បណ្តាលឱ្យមានចរន្តអគ្គិសនីឆក់មនុស្សនៅក្បែរកន្លែងកើតហេតុ។
ទោះជាយ៉ាងណា មូលហេតុ និងព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះ អាចនឹងត្រូវបញ្ជាក់បន្ថែមដោយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅពេលក្រោយ។
ហេតុការណ៍នេះជាការរំឭកដ៏សំខាន់ដល់ប្រជាពលរដ្ឋ និងព្រះសង្ឃទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើការងារ ឬលើកវត្ថុដែលមានប្រវែងវែង នៅក្បែរបណ្តាញអគ្គិសនី ព្រោះការប៉ះជាមួយខ្សែភ្លើងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានយ៉ាងឆាប់រហ័ស។
សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ និងព្រះសង្ឃដែលបានទទួលមរណភាព ព្រមទាំងសូមជូនពរអ្នករងរបួសដទៃទៀត ឆាប់បានជាសះស្បើយ៕

You might also like