ឃាត់ខ្លួនជន២នាក់ ដែលលួចនាំទំនិញពីថៃចូលមកកម្ពុជាចំនួន៤បាវ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការពារព្រំដែនបានធ្វើការឃាត់ខ្លួនជន២នាក់ដែលលួចនាំទំនិញពីថៃចូលមកកម្ពុជាចំនួន៤បាវ ក្បែរព្រំដែនស្ថិតភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកអនុសេនីយ៍ឯក ចេង សុម៉ាច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ និងរឹបអូសទំនិញពីថៃនេះកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានចេញល្បាតតាមបន្ទាត់ព្រំដែនក៏បានប្រទះឃើញជនសង្ស័យកំពុងយកម៉ូតូអូសរទេះដឹកទំនិញចេញពីព្រំដែនដែលលួចនាំចូលពីថៃមកកម្ពុជាត្រូវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ម៉ូតូ១គ្រឿង រទេះ១គ្រឿង និងទំនិញ៤បាវ ។
លោកបានបញ្ជាក់ថា ទំនិញចម្រុះដែលកម្លាំងចាប់បានមានដូចមានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ ។ ក្រោយចាប់បានសមត្ថកិច្ចចម្រុះរៀបចំនីតិវិធីប្រគល់ទៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ។

លោកអនុសេនីយ៍ឯក ចេង សុម៉ាច បានបញ្ជាក់ថា តាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី និងទប់ស្កាត់ពលករដែលចាញ់បោកមេខ្យល់ និងបង្ក្រាបទំនិញដែលឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសថៃចូលមកកម្ពុជាដោយល្មើសច្បាប់ត្រូវអនុវត្តន៍ឱ្យបានស្របពេលដែលទំនិញឆ្លងកាត់ព្រំដែនគោក សុទ្ធតែខុសច្បាប់ទាំងអស់ ដោយសារតែខាងយោធាថៃបានបិទច្រកព្រំដែនជាឯកតោភាគី ម្យ៉ាងពលរដ្ឋកម្ពុជាក៏បានធ្វើពហិកាមិនទទួលទំនិញថៃផងដែរ ៕

You might also like