រដ្ឋបាលខេត្តសៀមរាប ចេញលិខិតបំភ្លឺករណីឃាត់ខ្លួនបុរសធ្វើដងកាំបិតលក់ នៅស្រុកជីក្រែង ខេត្តសៀមរាប
(សៀមរាប)៖ ក្រោយមានការផ្សព្វផ្សាយ និងចែកចាយយ៉ាងព្រោងព្រាតករណីឃាត់ខ្លួនបុរសធ្វើដងកាំបិតលក់ ត្រូវបានរងការចោទប្រកាន់ជាអ្នកបំផ្លាញព្រៃឈើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានជុំវិញករណីនេះ។
យោងតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន «សាន្ត ព្រហ្ម» បានធ្វើការចុះផ្សាយ ព័ត៌មានតាមរយៈហ្វេសបុកផេកឈ្មោះ Kong Kan TV ដែលមានខ្លឹមសារថា «បុរសធ្វើដងកាំបិតលក់ ត្រូវរងការចោទប្រកាន់ថាជាអ្នកបំផ្លាញផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទ កើតឡើង នៅស្រុកជីក្រែង ខេត្តសៀមរាប»។
ប្រភពដដែលបានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានធ្វើការចុះល្បាតនៅដែនជម្រកសត្វព្រៃបឹងពែរ ចំណុចគោកប្រេស ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជួបប្រទះករណីបង្កើតមូលដ្ឋានកែច្នៃ ផលនិងអនុផល ព្រៃឈើចំនួន១កន្លែង ដែលបង្កើតឡើងដោយឈ្មោះ សុខ សិដ្ឋ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ក្រាំងតាឡាក់ ឃុំមហាឫស្សី ស្រុកគងឬស្សី ខេត្តកំពង់ស្ពឺ ឃើញមាន ម៉ាស៊ីនច្រៀកឈើ (ម៉ាកសៀងហៃ) ចំនួន១គ្រឿង ដងសួរចំនួន១ ដងចបចំនួន២០៥ដើម ដងប៉ូវថៅចំនួន៩៨ដើម ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន៨កំណាត់ ជំនៀឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន២៣កំណាត់។ ជាមួយគ្នានោះ កម្លាំងល្បាតក៏បានប្រមូលវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការស្រោងផងដែរ។
សកម្មភាពនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងបញ្ញត្ត នៃក្រមបរិស្ថាន និងធនធានធម្មជាតិមាត្រា៨៥០ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធនធានធម្មជាតិ ចំពោះបុគ្គលដែលមានបានប្រព្រឹត្តអំពើណាមួយក្នុងតំបន់ការពារធនធានធម្មជាតិ កថាខណ្ឌ «គ» បង្កើតឡគ្រប់ប្រភេទឬបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផលព្រៃឈើ រុក្ខជាតិព្រៃ និងធនធានធម្មជាតិ គ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស៕






