ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមនស្សជាអនេក បានចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិត
ជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរនិស្សិតជ័យលាភីទាំងអស់ ដែលបានជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាផ្នែកសុខាភិបាល ដែលជាជំនាញដែលមានតួនាទីដ៏សំខាន់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាណាព្យាបាលគ្រប់រូប ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ ថែទាំ និងទ្រទ្រង់កូនៗរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដល់និស្សិតបញ្ចប់ការសិក្សានាពេលនេះថា មិនមែនជាពេលបញ្ចប់ការរៀនសូត្រនោះទេ ហើយជាពេលដែលត្រូវរៀនសូត្រជាប់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណថ្នាក់ដឹកនាំ សាស្ត្រាចារ្យសាកលវិទ្យាល័យសុខាភិបាល ដែលបានរួមគ្នាពង្រឹងគុណភាពអប់រំ ឱ្យសិស្សទទួលបានចំណេះជំណាញច្បាស់លាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តួអង្គ៣ដែលនាំឱ្យសាកលវិទ្យាល័យមួយ ទទួលបានជោគជ័យលើវិថីអប់រំ។ តួអង្គ៣នោះ រួមមាន៖ ១) ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង, ២) សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងទី៣) និស្សិត។ តួអង្គ៣នេះ ជាមុំចង្ក្រាន ថ្នាក់ដឹកនាំ កំណត់ទិសដៅ ចក្ខុវិស័យ និងបេសកកម្ម កំណត់និយាមស្តង់ដារ អភិក្រមក្នុងការបណ្តុះបណ្តាល ដែលនេះជាកត្តាសំខាន់ ក្នុងការកំណត់លទ្ធភាព លទ្ធផល និងប្រភេទធនធានដែលចង់ចេញមកយ៉ាងណា ហើយទិសដៅនេះ អនុវត្តដោយសាស្ត្រាចារ្យ បុគ្គលិកសិក្សា ហើយទាំងពីរនេះ ហុចផលដល់និស្សិតជាអ្នកសិក្សា។ និស្សិតបង្ហាញលទ្ធផល សមិទ្ធផលរបស់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យរបស់សាលា។ និស្សិតពូកែ ព្យាបាលមនុស្សជា នឹងបង្ហាញពីគុណតម្លៃអប់រំរបស់សាលា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដល់និស្សិតពេទ្យទើបបញ្ចប់ការសិក្សាថា ទិសដៅរបស់គ្រូពេទ្យ គឺបង្កើនប្រសិទ្ធភាព និងជួយសង្គ្រោះអ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកទៅនិស្សិតថា «ស៊ូបរាជ័យក្នុងសាលា កុំបរាជ័យក្នុងជីវិត, សម្រាប់ពេទ្យបរាជ័យក្នុងជីវិតគឺការបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកគ្រូពេទ្យថា និស្សិតពេទ្យ និងសាលាកុំលេងផ្លូវកាត់។ កុំដាក់អាទិភាពលើសញ្ញាបត្រ តែត្រូវដាក់អាទិភាពលើចំណេះឱ្យច្បាស់លាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅដល់មន្ទីរព្យាបាលទាំងឡាយ ក៏មិនត្រូវលេងផ្លូវកាត់ដែរ ពោលត្រូវមានភាពច្បាស់លាស់លើការព្យាបាល និងបំពាក់ឧបករណ៍ព្យាបាលឱ្យបានត្រឹមត្រូវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គេបញ្ជូនម៉ែគេឪគេមកព្យាបាល គឺគេចង់ឱ្យម្តាយឪពុកគេបានជាពីជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រាសុខាភិបាល កុំទាញទម្លាក់ស្តង់ដារនៃការអប់រំ ពោលត្រូវតែបង្កើនស្តង់ដារគុណភាពអប់រំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់, ពោលគឺមានសុខភាពល្អ ចំណេះដឹងទូលាយ ជំនាញ ពិតប្រាកដ និង សីលធម៌ប្រពៃ, គឺជាអាទិភាពគន្លឹះទីមួយ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព, តាមរយៈ ការសិក្សាដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥», «ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤», «ផែនការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤», និង កម្មវិធីកែទម្រង់នានា ក្នុងគោលបំណងដើម្បីឱ្យ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅ ប្រកប ដោយ សុខភាពល្អ និង សុខុមាលភាពប្រពៃ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សុខភាពមិនត្រឹមតែជាបញ្ហាបុគ្គល គ្រួសារ និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃគុណភាពធនធានមនុស្ស ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ច។ ដូច្នេះការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតប្រទេសជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងប្រមាណជា ៦ពាន់ផ្ទាំង ត្រូវបានប្តូរអស់ហើយនៅសល់តែប្រមាណ ១៧ភាគរយប៉ុណ្ណោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីពេលនេះតទៅការផ្តល់រង្វាន់លើក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង មិនអនុញ្ញាតឱ្យមានទៀតនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការមិនឱ្យផ្សព្វផ្សាយគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ និងការបិទបញ្ចប់ការផ្តល់រង្វាន់នេះ មិនមែនកើតដោយចៃដន្យនោះឡើយ តែជាការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចសម្រេចមិនឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូវនិកនៅកម្ពុជានោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាំងពីមុនឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចប្រឆាំងមិនឱ្យមានការដាំកញ្ឆានៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កម្ពុជា បានហាមប្រាមហើយមិនឱ្យនាំចូលបារីអេឡិចត្រូនិក និងមិនឱ្យជក់តាមទីសាធារណៈ ជាពិសេសនៅតាមសាលារៀន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រូ និងអាណាព្យាបាល រារាំងកូនតូចកុំឱ្យផឹកភេសជ្ជៈប៉ូវកម្លាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សិស្សតូចៗប្រមាណ ៣០ម៉ឺននាក់ នៅសាលាជាង ១ពាន់សាលា កំពុងទទួលអាហារូបត្ថម្ភឧបត្ថម្ភដោយរាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ស្ត្រីគ្រួសារក្រីក្រ ស្ត្រីកម្មការិនី និងស្រ្តីជាប់ពន្ធនាគារ សរុបជាង ២លាន ២សែន ៥ម៉ឺននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។
សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការលើកកម្ពស់សុខភាពសាធារណៈ ត្រូវផ្តោតលើប្រព័ន្ធសុខាភិបាលទាំងមូល, ពោលគឺ ត្រូវផ្តោតលើ ការការពារជំងឺ, ថែទាំសុខភាពបឋម, រកឃើញជំងឺឱ្យបានឆាប់, ព្យាបាលឱ្យបានជា, និង ស្តារនីតិសម្បទាឱ្យដូចដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ដើម្បីគាំពាដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានបង្កើត «មូលនិធិសមធម៌សុខាភិបាល» ដែលជាកម្មវិធីដែលរដ្ឋបង់ថ្លៃសេវាជំនួសប្រជាពលរដ្ឋ រាល់ពេលទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យ ព្រមទាំងផ្តល់ជំនួយសង្គមនានា (ក្នុងករណីចាំបាច់) ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពទៅពេទ្យទទួលបានសុខភាពល្អ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មូលនិធិសមធម៌សុខាភិបាល» មានក្រុមគោលដៅ ចំនួន ៣ គឺៈ ក្រុមទី១. ប្រជាពលរដ្ឋក្រីក្រ, ក្រុមទី២. គ្រួសារងាយរងហានិភ័យ, និង ក្រុមទី៣. កម្មករនិយោជិតក្រៅប្រព័ន្ធ, កីឡាករ-កីឡាការនី, កម្មករធាក់ស៊ីក្លូ, បុគ្គលិក អ្នកជំនាញដោះមីន, ស្រ្តីបម្រើការងារផ្នែកសេវាកំសាន្ត, និង មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ជាមួយគោលបំណងចំនួន ៤ គឺៈ ទី១. រក្សាលំនឹងជីវភាពរបស់ប្រជាជនគោលដៅ រួមមាន ប្រជាជនក្រីក្រ, គ្រួសារងាយរងហានិភ័យ, កសិករ, ពលករទេសន្តរប្រវេសន៍, គ្រួសារភៀសសឹក, និង អ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម; ទី២. លើកកម្ពស់សហគ្រាសធុនមីក្រូ តូច និង មធ្យម, ទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ; ទី៣. លើកកម្ពស់ ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ, និង ពង្រីកឱកាសការងារ; និង ទី៤. ពង្រឹងការគ្រប់គ្រង និង ជំរុញការធ្វើអន្តរកម្ម ព្រមទាំង ការបំប្លែងថាមពល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាជិត ៥០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលបញ្ចេញ ដើម្បីអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ក្នុងពេលប្រេងឡើងថ្លៃ។
* សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា បញ្ហាព្រំដែនជាមួយថៃ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ ដូចការចោទនោះឡើយ គឺផ្តើមចេញពីកងទ័ពថៃ ចូលមកបាញ់ទាហានខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានប្រាប់ទៅមន្ត្រីរបស់អាមេរិកថា កម្ពុជា មិនបានបង្កើនកម្តៅលើបញ្ហាព្រំដែនជាមួយថៃនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា កំលុងពេលមានសង្គ្រាម សម្តេចបានអញ្ជើញទៅជួបកងទ័ពដល់សមរភូមិមុខ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានយកចិត្តទុកដាក់ និងឧបត្ថម្ភដល់គ្រួសារដែលបានរងគ្រោះនៅជម្លោះព្រំដែន តាមរយៈកូនរបស់នាយទាហានរបស់យើងដែលរងគ្រោះ បានចូលធ្វើកងទ័ព និងទទួលបានថវិកា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានលទ្ធភាពសងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងការបាញ់បំផ្លាញ ឬព័ទ្ធយកពីសំណាក់កងទ័ពថៃនោះឡើយ ប៉ុន្តែបានសាងសង់ផ្ទះដែលសមល្មមសម្រាប់រស់នៅប៉ុណ្ណោះអាសន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកធ្វើនយោបាយយកបញ្ហាជនភៀសសឹកទៅញុះញង់បំណងឱ្យជនភៀសសឹកស្អប់រាជរដ្ឋាភិបាល ប្រហែលមិនអាចបានសមបំណងនោះឡើយ ព្រោះជនភៀសសឹកយល់ច្បាស់ពីការប្រឹងប្រែងជួយរបស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមយកឱកាសនេះ លើកទឹកចិត្ត និង ផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ ការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា, និយាយជារួម, និង ពង្រឹងគុណភាពការបណ្តុះបណ្តាល វិជ្ជាជីវៈសុខាភិបាល, និយាយដោយឡែក, ដូចខាងក្រោម៖
ទី១. ក្រសួងសុខាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសិក្សាកែលម្អវិធីសាស្ត្រ បណ្តុះបណ្តាល, និង ធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សារបស់គ្រឹះស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលជាប្រចាំ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការវិវត្តនៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង បញ្ហាប្រឈមក្នុងប្រព័ន្ធសុខភាពសាធារណៈ, ដោយត្រូវធានាថា និស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការគិត វិភាគ ដោះស្រាយបញ្ហា សម្រេចចិត្តផ្អែកលើភស្តុតាង និងធ្វើការជាក្រុមពហុវិជ្ជាជីវៈ, តាមរយៈ ការលើកកម្ពស់អភិក្រម «ការបណ្តុះបណ្តាលផ្សារភ្ជាប់ការអនុវត្ត» នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ។
ទី២. ក្រសួងសុខាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវជំរុញឱ្យនិស្សិត និងអ្នកជំនាញសុខាភិបាល មានអក្ខរកម្មសុខាភិបាលឌីជីថល និង អក្ខរកម្មបញ្ញាសិប្បនិម្មិត, ព្រមទាំង យល់ដឹងកាន់តែស៊ីជម្រៅអំពី សុវត្ថិភាពទិន្នន័យ ឯកជនភាព សីលធម៌វិជ្ជាជីវៈ និង ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវខ្ពស់, ដោយត្រូវធានាថា អ្នកជំនាញសុខាភិបាលជំនាន់ថ្មី អាចប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឌីជីថល និង បញ្ញាសិប្បនិម្មិត ក្នុងការរៀន ស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និង សម្រេចចិត្តផ្នែកគ្លីនិក ។ ក្នុងន័យនេះ, គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ត្រូវដើរតួជាមជ្ឈមណ្ឌលស្រាវជ្រាវ និង នវានុវត្តន៍ ក្នុងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា។
ទី៣. ក្រសួងសុខាភិបាល ត្រូវខិតខំពង្រឹងទំនាក់ទំនងល្អរវាង គ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈសុខាភិបាល, មន្ទីរពេទ្យ, មូលដ្ឋានសុខាភិបាល, និង សហគមន៍ ដើម្បីឱ្យនិស្សិតទទួល បានបទពិសោធជាក់ស្តែង ជាពិសេស ត្រូវផ្តោតលើ ការថែទាំបឋម ការលើកកម្ពស់សុខភាព និង ការបង្ការជំងឺ នៅតាមសហគមន៍ ដោយត្រូវឱ្យនិស្សិតយល់ថា «មនុស្សគ្រប់រូបមានតម្លៃនៃជីវិត ស្មើគ្នា ហើយវិជ្ជាជីវៈសុខាភិបាលត្រូវផ្សារភ្ជាប់ជាមួយមនុស្សធម៌ និង សីលធម៌» ។
ទី៤. ក្រសួងសុខាភិបាល ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញសុខាភិបាល ក្នុងការ- អប់រំសុខភាព បង្ការជំងឺ និង លើកកម្ពស់សុខភាព ដល់បុគ្គល គ្រួសារ និង សហគមន៍ ដោយត្រូវ ផ្លាស់ប្ដូរផ្នត់គំនិតពី «ព្យាបាលនៅពេលឈឺ» ទៅជា «បង្ការមុនពេលឈឺ និង រកឃើញជំងឺឱ្យបាន ឆាប់»; ព្រមទាំង ត្រូវលើកកម្ពស់ការសិក្សាស្រាវជ្រាវលើបញ្ហាជាក់ស្ដែងនៅកម្ពុជា ដូចជា ជំងឺឆ្លង, ជំងឺមិនឆ្លង, ភាពធន់នឹងថ្នាំអង់ទីប៊ីយោទិក, សុខភាពមាតា និង ទារក, សុខភាពឌីជីថល, សុខភាពបរិស្ថាន, សុខភាពតែមួយ, និង បញ្ហាសុខភាពដទៃទៀតដែលកំពុងកើតឡើង ដើម្បីជាមូលដ្ឋានវិទ្យាសាស្ត្រ សម្រាប់ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សម្រាប់កែលម្អវិស័យសុខាភិបាល និង រៀបចំនិយាមប្រតិបត្តិស្តង់ដា សម្រាប់លើកកម្ពស់សេវាសុខភាព នៅកម្ពុជា ។
ទី៥. គ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និងឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើ សេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល, និង ប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់ ។
លើសពីនេះ, ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំង លើកទឹកចិត្តអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើ ការព្យាបាល ព្រមទាំង ផ្តល់ចំណេះដឹង និង បទពិសោធ អំពីការថែទាំបឋម, ព្យាបាល, បង្ការជំងឺ, គ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ថែទាំអ្នកជំងឺជាដើម ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ថា សញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃដំណើរជីវិតវិជ្ជាជីវៈសុខាភិបាល និង ការទទួលខុសត្រូវដ៏ធំធេងចំពោះ អ្នកជំងឺ គ្រួសារ សហគមន៍ និងសង្គមជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំនិស្សិតពេទ្យឱ្យបំពេញតួនាទីប្រកបដោយ វិជ្ជាជីវៈ សីលធម៌ គុណធម៌ និងមនុស្សធម៌ ដើម្បីក្លាយជាអ្នកជំនាញសុខាភិបាលដែលប្រជាពលរដ្ឋខ្មែរអាចជឿទុកចិត្តបាន និង ជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា ឱ្យកាន់តែមាន គុណភាព សមធម៌ និងចីរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំនិស្សិតពេទ្យឱ្យបំពេញតួនាទីប្រកបដោយ វិជ្ជាជីវៈ សីលធម៌ គុណធម៌ និងមនុស្សធម៌ ដើម្បីក្លាយជាអ្នកជំនាញសុខាភិបាលដែលប្រជាពលរដ្ឋខ្មែរអាចជឿទុកចិត្តបាន និង ជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខភាពសាធារណៈកម្ពុជា ឱ្យកាន់តែមាន គុណភាព សមធម៌ និងចីរភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៤៥នាទីនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕







































































