ជិះឡានក្រុងរដ្ឋ ទៅបុណ្យភ្ជុំនៅស្រុក ៥ ថ្ងៃពេញ ឥតគិតថ្លៃ និងមិនចាំបាច់ចុះឈ្មោះមុន
នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦ នេះ តាមរយៈផេក សម្ដេចតេជោ ហ៊ុនសែន បានបង្ហោះសារជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ ចំនួន ៥ ថ្ងៃ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃ ១៣ ខែតុលា ឆ្នាំ ២០២៦ ដែលបងប្អូនអាចជិះដោយឥតគិតថ្លៃ មិនតម្រូវឱ្យមានការចុះឈ្មោះ និង មិនតម្រូវឱ្យមានការបង្ហាញអត្តសញ្ញាណប័ណ្ណឯកសារផ្សេងៗឡើយ។
ជាក់ស្ដែង រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ចំពោះការបម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ ថ្ងៃ ក្នុងនោះរួមមាន៖
១. សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង សេវារថយន្តក្រុងអាកាសយានដ្ឋាន អន្តរជាតិតេជោ (Airport Express Bus)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿង
២. សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និង ពីបណ្តាខេត្ត ត្រឡប់ចូលមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០ គ្រឿង ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦ គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ។
គូសបញ្ជាក់ផងដែរថា ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និង ម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូន ឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និង រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ការចំណាយ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕






