អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងផ្ដល់អំណោយគ្រួសារកងទ័ព ២៧៧គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រាជរដ្ឋាភិបាល ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាល ដែលបានឈរជើងយ៉ាងអង់អាចនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពចំនួន២៧៧គ្រួសារ ក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការការពារជាតិ មាតុភូមិពីការឈ្លានពានរបស់សត្រូវ ។
ជាមួយភាពអង់អាច និងការលះបង់ខ្ពស់របស់វីរកងទ័ព អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាក របស់ក្រុមគ្រួសារវីរកងទ័ព ដែលបានជួបប្រទះក្នុងដំណាក់កាលនេះ ហើយគ្រួសារកងកម្លាំងនៅសមរភូមិក្រោយ មិនមានការខ្វះខាតឡើយ ចំណែកកងកម្លាំងនៅជួរមុខ ក៏មិននៅឯកោនោះដែរ គ្រាដែលមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ។
ឯកឧត្តមបានបន្ថែមថា លើសពីនេះ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងកម្លាំងនៅជួរមុខ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ពួកគាត់នៅតាមមូលដ្ឋាន ។ សកម្មភាពនេះ ក៏ជាផ្នែកមួយនៃការលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិ យ៉ាងអង់អាចក្លាហាន ដែលធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុខសាន្ត កុមារអាចទៅសាលារៀនដោយរីករាយ និងប្រទេសជាតិអាចមានឱកាសបន្តការអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត ។
ជាមួយនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដាក់ការជឿជាក់លើការដឹកនាំដ៏ឈ្លាស់វៃ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យជាតិ តាមរយៈការងារការទូតច្បាប់ ហើយរាល់គោលនយោបាយទាំងអស់ សំដៅលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងកម្លាំងឱ្យកាន់តែប្រសើរឡើង ៕






