បង្ក្រាបករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលេី, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលេី ខេត្តកំពង់ចាម, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលព័ត៍មានពីឈ្មោះ នួន ស៊ីណាត ភេទស្រី អាយុ៦២ឆ្នាំ រស់ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបាត់ប្អូនស្រីម្នាក់ឈ្មោះ នួន ស៊ីណែត អាយុ៤៣ឆ្នាំ ដែលបានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៍ខ្មៅ ទៅជាមួយឈ្មោះ ថៃ ម៉េងលី ហៅបូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លុះនៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២៦វេលាម៉ោង១៧ សមត្ថកិច្ចនិងសាច់ញាតិរបស់ឈ្មោះនួន ស៊ីណែត បានស្វែងរកឃើញសាកសពឈ្មោះ នួន ស៊ីណែត កប់ក្នុងដីចំការដំឡូងក្រោយផ្ទះរបស់ឈ្មោះ ថន គឹមលាង ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាម្តាយរបស់ឈ្មោះ ថៃ ម៉េងលី ហៅបូ ស្ថិតក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយសាកសពមានស្នាមរបួសផុងលលាកក្បាលចំនួន០២កន្លែង និងបាត់បង់សំភារៈរួមមាន ៖ ខ្សែដៃ០១ខ្សែ (ផ្លាកទីន) ទម្ងន់៥ជី ខ្សែ ក០១ ខ្សែ ទម្ងន់៣ជី (ផ្លាកទីន)និងប្រាក់ប្រហែល ១លានរៀល។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងខេត្តបាត់ដំបងស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ថៃ ម៉េងលី ភេទប្រុស ត្រង់ចំណុច ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពទៅដឹកជនរងគ្រោះមកកោសខ្យល់ឱ្យ ហើយក៏បានសុំជនរងគ្រោះរួមរ័ក្ស តែជនរងគ្រោះបដិសេធ ហើយរត់។ បន្ទាប់មកខ្លួនក៏បានយកដំបងដេញតាមវាយពីក្រោយជនរងគ្រោះបណ្តាលឲ្យស្លាប់ និងបានយកដុំថ្មវាយពីលើក្បាលបន្ថែមទៀត ហើយក៏បានលួចយកប្រាក់ និងគ្រឿងអលង្ការបស់ជនរងគ្រោះ រួចក៏យកសាកសពទៅកប់នៅខាងក្រោយផ្ទះ និងចាក់ស៊ីម៉ងត៍ពីលើបន្ថែម។
ជនសង្ស័យកំពុងបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕






