កម្លាំងចម្រុះខេត្តរតនគិរី បង្ក្រាបបទល្មើសរ៉ែខុសច្បាប់នៅស្រុកអូរយ៉ាដាវ រកឃើញជនល្មើស ៦៦នាក់
(រតនគិរី)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចម្រុះខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (រ៉ែ) អនាធិបតេយ្យ នៅតំបន់ភ្នំងោក ស្ថិតក្នុងដែនវិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍កសិកម្ម ក្នុងភូមិសាស្ត្រភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រតិបត្តិការនេះបានប្រើប្រាស់មធ្យោបាយរថយន្តចំនួន ៦គ្រឿង ម៉ូតូចំនួន ១២គ្រឿង និងកម្លាំងចម្រុះចំនួន ៣៨នាក់ ប្រដាប់ដោយអាវុធជាច្រើនដើម បានចុះបំពេញបេសកកម្មបង្ក្រាបបទល្មើសរ៉ែអនាធិបតេយ្យ នៅទីតាំងចាស់ចំនួន ៥កន្លែង រួមមាន នៅលើកំពូលភ្នំងោក ជើងភ្នំងោក និងតាមដងអូរចំនួន ៣ទីតាំងផ្សេងទៀត។ ជាលទ្ធផល កម្លាំងចម្រុះបានជួបប្រទះប្រជាពលរដ្ឋសរុបចំនួន ៦៦នាក់ កំពុងប្រព្រឹត្តបទល្មើស។
លោក វ៉ាន់ សោភា បានបញ្ជាក់ថា ពួកគាត់ទាំង ៦៦នាក់ បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសនៅចំពោះមុខសមត្ថកិច្ចជំនាញជាលើកចុងក្រោយ និងបានថតរូបម្នាក់ៗទុកជាភស្តុតាង។ ជាមួយគ្នានេះ មន្ទីររ៉ែ និងថាមពលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយអំពីទោសទណ្ឌជាប់ពន្ធនាគារ និងការផាកពិន័យជាប្រាក់ ក្នុងករណីមិនរាងចាល។ ក្រុមការងារបានកំណត់រយៈពេល ១ថ្ងៃ ដើម្បីឲ្យពួកគាត់រុះរើរោង តង់ និងសម្ភារគាំទ្រទាំងអស់ចេញពីទីតាំងជាបន្ទាន់។
បច្ចុប្បន្ន ក្រុមការងារបានដាក់កម្លាំងនគរបាលចំនួន ៦នាក់ ប្រចាំការ ២៤/២៤ម៉ោង នៅចំណុចទីតាំងបទល្មើស និងបន្ថែមកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីចំនួន ២០នាក់ទៀត បន្ទាប់ពីមានការឯកភាពពីមេបញ្ជាការយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ ដើម្បីធានាប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនេះ។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តក្នុងការការពារធនធានធម្មជាតិ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព៕






