ធ្លាប់មានទំនាស់ពាក្យសម្ដីជាមួយគ្នា ពេលជួបមុខគ្នា គូរទំនាស់ម្ខាងមានកាំភ្លើងតាមដេញបាញ់របួសធ្ងន់ម្នាក់
បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួន ក្រោយធ្វើសកម្មភាពដេញបាញ់ប្រហារគួរទំនាស់ម្ខាងទៀតឲ្យរបួសធ្ងន់ នៅយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦ ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ កើតឡើង។ លោកបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ ចេញប្រតិបត្តិការស្រាវជ្រាវតាមវិធានការជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន ÷ឈ្មោះរឿន ផារីមនិងឈ្មោះឡាយ ចំរើន នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ មកអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីសាកសួរ រួមទាំងដកហូតវត្ថុតាងមាន ÷ -កាំភ្លើង១ដើម ម៉ាកGLOCK26 ពណ៍ខ្មៅ
-គ្រាប់ចំនួន៩គ្រាប់(ប្រាំបួនគ្រាប់)
-បង់ចំនួន១
-សំបកគ្រាប់១
-ម្សៅពណ៍សសង្ស័យសារធាតុញៀនចំនួន១ថង់តូច
-ការបូបពណ៍ខ្មៅចំនួន១
-ប្រអប់ពណ៍ខ្មៅចំនួន១(សំរាប់ដាក់កំាភ្លើង)។
មុនកើតហេតុឈ្មោះ ម៉ានគ្រីស្តា នៅភូមិតាវងឃុំពន្លៃស្រុកភ្នំស្រុក បានជិះម៉ូតូដឹកឈ្មោះ ម៉ៃ សុវណ្ណារ៉ាត់ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ មកលេងដើរនៅភូមិតាវងស្រាប់តែបានជួបនិងជនសង្ស័យឈ្មោះ រឿន ផារីម និងឈ្មោះ ឡាយ ចំរើន(ហៅស៊ីនួន) បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា CRF ពណ៌ក្រហម គ្មានស្លាកលេង ប្រដាប់ដោយកាំភ្លើងខ្លីចំនួន០១ដើម ម៉ាក GLOCK 26 ពណ៌ខ្មៅ ដេញបាញ់ទៅលើជនរងគ្រោះទាំង០២នាក់ ចំនួន០៣គ្រាប់ បណ្តាលត្រូវចំឈ្មោះ ម៉ៃ សុវណ្ណារ៉ាត់ ចំនួន១គ្រាប់ចំកំប៉ិះគូថបៀមគ្រាប់ជាប់ ក្រោយពេលធ្វើសកម្មភាពរួចជនបង្ករបានជិះម៉ូតូគេចខ្លួន ក្រោយមកត្រូវបានចាប់ខ្លួន។ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពជប៉ុនស្រុកមង្គលបូរី ។
ក្រោយខិតខ្លួននិងសាកសួរចម្លើយជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេមានទំនាស់ពាក្យសម្ដីនឹងគ្នាយូរមកហើយ អាវុធខ្លីនេះគេបានទិញនៅក្រុងប៉ោយប៉ែត។ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំស្រុករៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី ។






