សមត្ថកិច្ចស្រុកបវេល ឃាត់ខ្លួនបុរសម្នាក់ ករណីការពារអាយុជីវិតឪពុក ប្រកែកតតាំងប្រើកាំបិតក្រវាស់ បណ្តាលឲ្យជនបង្កហិង្សាស្លាប់

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០០នាទី នៅចំណុចក្រុមទី៤ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យមរណភាព) មួយកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ហួន វេត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែលជាកូនប្រសារ មានប្រវត្តិប្រើប្រាស់គ្រឿងញៀន ស្រវឹងស្រា និងតែងបង្កអំពើហិង្សាក្នុងគ្រួសារជាប្រចាំ បានកាន់ពូថៅដេញកាប់ប្រហារទៅលើប្រពន្ធ ឈ្មោះ កេង សុភី ភេទស្រី អាយុ៤១ឆ្នាំ ប៉ុន្តែប្រពន្ធរត់រួច ហើយបន្តដេញកាប់ឪក្មេក ឈ្មោះ ពី កេង ភេទប្រុស អាយុ៧២ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល និងប្អូនថ្លៃ ឈ្មោះ កេង សុផល ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល។ ក្នុងស្ថានភាពប្រឈមមុខជាក់ស្តែងភ្លាមៗ ឈ្មោះ កេង សុផល បានប្រកែកតតាំង ហើយយកកាំបិតខ្វែវក្រវាស់តបតវិញ ដើម្បីការពារអាយុជីវិតឪពុក និងខ្លួនឯង បណ្តាលឲ្យជនសង្ស័យ ឈ្មោះ ហួន វេត ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយជនបង្កដួលទៅ ឈ្មោះ កេង សុផល បានទម្លាក់អាវុធចុះភ្លាម ចូលជួយសង្គ្រោះបឋម និងរង់ចាំសមត្ថកិច្ចនៅកន្លែងកើតហេតុ ដោយមិនបានរត់គេចខ្លួន។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណី ហើយឈានដល់ការឃាត់ខ្លួន ឈ្មោះ កេង សុផល នៅវេលាម៉ោង១៣និង២៣នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ក្រោយពីធ្វើការសាកសួរ ឈ្មោះ កេង សុផល បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតខ្វែវក្រវាស់ ទៅលើជនសង្ស័យ ឈ្មោះ ហួន វេត នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន ក្នុងគោលបំណងការពារអាយុជីវិតឪពុក និងខ្លួនឯង។
ឈ្មោះ កេង សុផល ត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបវេល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like