រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសរំលេចថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានជំនួបចរចាដំបូងរវាង សម្តេចព្រះ នរោត្តម សីហនុ និងរូបសម្តេច កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នោះទេ។

តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាទស្សនទានប្រៀបធៀបថា៖ «ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹក ទើបហៅថា ដើមឈើបាន។ ដូចគ្នានេះដែរ កិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាង សម្តេចព្រះនរោត្តម សីហនុ ជាមួយរូបខ្ញុំ ហ៊ុន សែន ដែលគេតែងនិយាយថា (ជំនួប សីហនុ-ហ៊ុន សែន) ថ្ងៃ២ ធ្នូ ១៩៨៧»។

សម្តេចតេជោបានសង្កត់ធ្ងន់ថា «គ្មានជំនួប សីហនុ-ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ» ដោយដំណើរការចរចាស្វែងរកសន្តិភាពនេះបានប្រើប្រាស់ពេលវេលាយ៉ាងវែងឆ្ងាយ។ គិតចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺមានរយៈពេលសរុប ១.៤២១ថ្ងៃ ត្រូវជា ២០៣សប្តាហ៍ ស្មើនឹង ៤៦ខែ និង២១ថ្ងៃ ឬ ៣ឆ្នាំ ១០ខែ និង ២១ថ្ងៃ។

ជាមួយគ្នានេះ សម្តេចតេជោបានរំលឹកពីការទទួលបន្ទុកដ៏ធ្ងន់ធ្ងរក្នុងនាមជាអ្នកតំណាងចរចាថា សម្តេចជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈទម្រង់ចរចា «មួយទល់នឹងបី» ពោលគឺ សម្តេចតេជោ ហ៊ុន សែន ត្រូវតទល់ជាមួយភាគី ៣ ផ្សេងទៀតរួមមាន សម្តេចព្រះ នរោត្តម សីហនុ ផង លោកតា សឺន សាន ផង និងលោក ខៀវ សំផន ផង ដែលពេលខ្លះត្រូវជួបចរចាដោយឡែកពីគ្នា និងពេលខ្លះជួបរួមគ្នា។

ដោយឡែកចំពោះដៃគូបរទេសវិញ សម្តេចតេជោបានបញ្ជាក់ថា មិនថាតែបណ្តាប្រទេសដែលគាំទ្រ ឬប្រទេសដែលមិនគាំទ្រនោះទេ សុទ្ធតែត្រូវការជួបពិភាក្សាជាមួយសម្តេច ដើម្បីពន្យល់គ្នា ស្វែងយល់ពីជំហរ ឬស្វែងរកចំណុចស្រុះស្រួលរួម។ លើសពីនេះ នៅក្នុងវេទិកាចរចាទាំងមូល សម្តេចគឺជាឥស្សរជនដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមភាគីកម្ពុជា និងគណៈប្រតិភូនានាដែលចូលរួម ដោយសម្តេចបានចាប់ផ្តើមចូលតុចរចានៅអាយុទើបតែ ៣៥ឆ្នាំ និងនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ សម្តេចមានអាយុ ៣៩ឆ្នាំ។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ វេលាម៉ោង ៣រសៀល នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេនិយមហៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដោយបានបើកផ្លូវឱ្យមានដំណើរការបង្រួបបង្រួមជាតិ និងការកសាងប្រទេសឡើងវិញជាប្រវត្តិសាស្ត្រ៕

You might also like