បុរសខ្ចីម៉ូតូមិត្តរួមការងារទៅទិញកាហ្វេ រួចបាត់ខ្លួន ម្ចាស់ដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍សមត្ថកិច្ច
(ត្បូងឃ្មុំ)៖ ករណីបាត់ម៉ូតូមួយគ្រឿងដោយសារមិត្តរួមការងារខ្ចីទៅទិញកាហ្វេ រួចបាត់ខ្លួនមិនត្រឡប់មកវិញ បានកើតឡើងនៅខេត្តត្បូងឃ្មុំ ដែលនាំឱ្យម្ចាស់ម៉ូតូសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្នើសុំអន្តរាគមន៍។
យោងតាមការរៀបរាប់របស់លោក ឡុន កីឡា អាយុ ៤១ឆ្នាំ ដែលជាមេចុងភៅនៅអាហារដ្ឋានសម្រស់ត្បូងឃ្មុំ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៧:៣០នាទីព្រឹក បុរសម្នាក់ឈ្មោះ ដា អាយុប្រហែល ៣៥ឆ្នាំ ដែលជាមិត្តរួមការងារ និងជាកូនកាំបិត បានខ្ចីម៉ូតូរបស់លោក ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1N-6009 ស៊េរីឆ្នាំ២០១៩ ដោយប្រាប់ថាទៅទិញកាហ្វេនៅផ្សារខេត្តថ្មី។ ក្រោយមក បុរសឈ្មោះ ដា បានផ្ញើសារប្រាប់ថា នឹងទៅទិញខោអាវនៅក្រុងសួងមួយភ្លែត ប៉ុន្តែចាប់តាំងពីពេលនោះមក មិនបានត្រឡប់មកវិញឡើយ។
ដោយមិនអាចទាក់ទងបាន និងមិនទទួលបានម៉ូតូត្រឡប់មកវិញ លោក ឡុន កីឡា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីស្នើសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកបុរសដែលពាក់ព័ន្ធ និងម៉ូតូរបស់ខ្លួនមកវិញ ព្រមទាំងចាត់វិធានការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សាធារណជន ប្រសិនបើបានឃើញបុរសដែលមានភិនភាគដូចការរៀបរាប់ ឬមានព័ត៌មានពាក់ព័ន្ធនឹងម៉ូតូដែលបានបាត់ សូមជួយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 088 753 0630។ ករណីនេះជាការក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទុកចិត្តអ្នកដទៃ។






