ជប៉ុន ផ្តល់ឥណទានសម្បទានប្រមាណ២០០ លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះលោក អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ ដែលត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរួមមាន នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិផងដែរ។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យថ្មីៗ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកកាន់តែធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងថ្លែងអំណរគុណចំពោះជប៉ុនដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា។
បន្ទាប់ពីជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី និងលោក អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣០ប៊ីលានយ៉េន (ប្រមាណ២០០ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត«គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»៕

You might also like