យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាមនៅក្បែរព្រំប្រទល់ថៃ បង្កការខូចខាតដល់ខាងភូមិឋានក្នុងទឹកដីថៃ

(បាងកក)៖ កាលពីយប់ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ យន្តហោះយោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកយ៉ាងហោច២គ្រាប់ លើមូលដ្ឋានក្រុមឧទ្ទាម ដែលស្ថិតជាប់នឹងព្រំប្រទល់ប្រទេសថៃ បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា រហូតជះរលកកម្លាំងដល់ថ្នាក់បង្កការខូចខាតដល់អគារមួយចំនួន នៅខាងទឹកដីថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា យន្តហោះចម្បាំង១គ្រឿងរបស់យោធាមីយ៉ាន់ម៉ា បានហោះកាត់ពីលើតំបន់នោះ ហើយទម្លាក់គ្រាប់បែកទៅលើមូលដ្ឋានរបស់​ពួកឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលស្ថិតនៅត្រើយម្ខាងទៀតនៃទន្លេ Salween ទល់មុខភូមិ Mae Sam Leap ក្នុងស្រុក Mae Sariang ខេត្ត Mae Hong Song ភាគខាងជើងប្រទេសថៃ។
ការទម្លាក់គ្រាប់បែកនោះ បានបង្កជាបន្ទុះដែលជះអណ្តាតភ្លើង ផ្សែង និងរលកកម្លាំង ឆ្លងមកត្រើយខាងទៀតនៃទន្លេ Salween ចូលប្រទេសថៃ ជាហេតុនាំ​ឱ្យអគារមួយចំនួននៅភូមិខាងលើក្នុងទឹកដីថៃ ទទួលរងការខូចខាត។ កងកម្លាំងថៃ នាពេលនេះកំពុងបន្តពិនិត្យមើល ទំហំនៃការខូតខាតជាក់ស្តែង។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានសេចក្តីរាយការណ៍ផងដែរ ពីករណីគ្រាប់ផ្លោងធ្លាក់ចូលក្នុងទឹកដីថៃ នៅខេត្ត Tak អំឡុងការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ហើយបណ្តាលឱ្យពលរដ្ឋថៃយ៉ាងហោចម្នាក់រងរបួស៕

You might also like