សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយវីរកងទ័ព ដែលឈរជើងប្រចាំទិសខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយវីរកងទ័ព ដែលកំពុងឈរជើងប្រចាំទិសខេត្តឧត្តរមានជ័យ នាយប់ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេស បងប្អូនកងកម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ច ការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន នៅតាមបណ្ដោយព្រំដែននៃទិសខេត្តឧត្តរមានជ័យ ដោយក្តីនឹករលឹកជាទីបំផុត និងការគិតគូរអំពីសុខទុក្ខដល់កងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យកងកម្លាំងទាំងអស់គ្នា ទី១)ត្រូវបន្តរក្សា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយប្រកាន់ខ្ជាប់ នូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងទ័ព និងគោរពបទបញ្ជាពីថ្នាក់លើឱ្យបានម៉ឺងម៉ាត់បំផុត។ ទី២)ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលា ក្នុងការទប់ស្កាត់រាល់ឧបាយកល ឬសកម្មភាពរំលោភបំពានណាមួយពីខាងក្រៅ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ ទី៣)ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព និងត្រៀមលក្ខណៈឱ្យបានល្អចំពោះស្ថានភាពអាកាសធាតុប្រែប្រួលនេះ ដោយសារឆ្នាំនេះកម្តៅនឹងមានការកើនឡើងខ្លាំង។
អំណោយដែលបានផ្តល់ជូនអង្គភាពទាំង១៩ ក្នុង១អង្គភាព ទទួលបាន៖ ទឹកសុទ្ធ ៥០កេស ភេសជ្ជៈ ៥០កេស ទឹកដោះគោឆៅ ៥០កេស ទឹកដោះគោខ្ទិះ ៥០កេស ម្សៅសាប៊ូ ORA ២០កេស និងថវិកា ១លានរៀល៕






