អ្នកនាំពាក្យ ៖ ប្រមុខ UN រីករាយណាស់ ដែលបានឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការបញ្ឈប់ជម្លោះ

លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) ថា អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានមើលឃើញថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងភាគីថៃ ប្រឹងប្រែងធ្វើការដើម្បីបញ្ឈប់ជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះ បានធ្វើការលើកឡើងនេះដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីភាគីកម្ពុជា និងថៃ បានឈានដល់ការឯកភាពគ្នាលើព័ត៌មានលម្អិតនៃបទឈប់បាញ់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍។
លោក Haq បាននិយាយថា «លោកអគ្គលេខាធិការមានសេចក្ដីរីករាយខ្លាំងណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងព្រះរាជាណាចក្រកម្ពុជា និងថៃ ក្នុងការបញ្ឈប់រាល់ការប៉ះទង្គិច ហើយលោកអគ្គលេខាធិការសង្ឃឹមថា ភាគីទាំងពីរនឹងបន្តនៅក្នុងការសន្ទនាដើម្បីដោះស្រាយបញ្ហាជាប់គាំងនានារវាងប្រទេសទាំងពីរ»៕

You might also like