ដាច់ចិត្តឥតស្តាយស្រណោះ ក្រោយភ្ជាប់ពាក្យក្លាយជាគូដណ្តឹងរួមរស់ជាមួយគ្នា បែរជាខាងប្រុសធ្វើអត្តឃាតដោយចងក ស្លា.ប់ ដោយមិនដឹងមូលហេតុ
ខេត្តកណ្តាល ÷ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ដាច់ចិត្តឥតស្តាយស្រណោះ ក្រោយភ្ជាប់ពាក្យក្លាយជាគូដណ្តឹងរួមរស់ជាមួយគ្នា បែរជាខាងប្រុសធ្វើអត្តឃាតដោយចងក ស្លាប់ ដោយមិនដឹងមូលហេតុ។
ក្រោយទទួលបានសេចក្តីរាយ ការណ៍របស់លោកនាយប៉ុស្តិ៍នគរបាលត្រើយស្លា ថាមានករណីមនុស្សចងក ស្លាប់ភ្លាម លោកក៏បានបញ្ជាកម្លាំងផ្នែកពិនិត្យវិភាកកន្លែងកើតហេតុ សហការជាមួយលោកគ្រូពេទ្យ អាជ្ញាធរ និងកម្លាំងប៉ុស្តិ៍ ចុះដល់ទីតាំងកើតហេតុ ។
តាមការបំភ្លឺពីឈ្មោះទ្រី សៀកមួយ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ដែលជាគូដណ្តឹងជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា បុរសរងគ្រោះមានឈ្មោះ សេង ថេង អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។ អ្នកទាំងពីរបានភ្ជាប់ ពាក្យក្លាយជាគូដណ្តឹង កាលពីកំឡុង ខែមេសា ឆ្នាំ ២០២៥ និងត្រូវបានឪពុកម្តាយ ដេញពេលាមង្គលនៅ ដើមខែមករាឆ្នាំ២០២៦។ ស្ត្រីជាគូដណ្តឹងបន្តទៀតថា ក្រោយភ្ជាប់ពាក្យរួច នាងក៏បានមករួមរស់ជាមួយគ្នា នៅផ្ទះខាងប្រុស (ផ្ទះកើតហេតុ) ឧស្សាហ៍ឈ្លោះ ប្រកែកគ្នា តែមិនមានប្រើអំពើហិង្សានោះទេ។ លុះនៅវេលាកើតហេតុ ក៏មានក្រុមគ្រួសារជនរងគ្រោះ ទូរសព្ទ័ប្រាប់ថា ឃើញ បុរសជាគូដណ្តឹងចងក លើធ្នឹមផ្ទះស្លាប់បាត់ហើយ។ ភ្លាមនោះ នាងក៏ប្រញាប់ចេញពីកន្លែងធ្វើការមកដល់ផ្ទះឱ្យបងប្អូនសាច់ញាតិជួយស្រាយខ្សែចេញពី ក ដាក់សពមកលើគ្រែ និងក៏បានជូនដំណឹងដល់សមត្ថកិច្ច ។
ការពិនិត្យរបស់សមត្ថកិច្ចឃើញថា ជនរងគ្រោះចងកនឹងខ្សែគោពណ៌ស ប្រវែង ២,៥០ ម៉ែត្រ ទៅនឹងធ្នឹមផ្ផ្ទះកម្ពស់ ២,៣០ម៉ែត្រ។ សពមានស្ថានភាពរឹង មានកម្ពស់១, ៧០ ម៉ែត្រ,ធ្មេញខាំអណ្តាត ,ស្នាមជាំទ្រុឌនៅលើ ក ប្រវែងទទឹង១, ២សង់ទីម៉ែត្រ ក្រៅពីនោះ មិនមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។
សន្និដ្ឋាន ពិនិត្យរបស់ផ្នែកជំនាញនិងគ្រូពេទ្យ គឺ ជនរងគ្រោះស្លាប់ដោយសារ ចងក ធ្វើអត្តឃាត។សព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕