ប្រមុខរតនាគា ៖ ក្រុមពាណិជ្ជកម្មអាមេរិក នឹងជួបមន្ត្រីចិន ក្នុងពីរ ឬបីខែខាងមុខ ដើម្បីជជែកពីអនាគតសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអង្គារ (១២ សីហា) ថា ក្រុមមន្ត្រីពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នឹងជួបជាថ្មីម្តងទៀតជាមួយសមភាគីចិនរបស់ពួកគេ ក្នុងរយៈពេលពីរ ឬបីខែខាងមុខនេះ ដើម្បីពិភាក្សាគ្នាអំពីអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមនាសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
ការអត្ថាធិប្បាយនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូពាណិជ្ជកម្មទាំងពីរបានបន្ថែមពេលលើកិច្ចព្រមព្រៀងបន្ទាបពន្ធបណ្ដោះអាសន្ន សម្រាប់រយៈពេល ៩០ថ្ងៃទៀត ដល់ខែវិច្ឆិកា ដោយបានបញ្ឈប់ពន្ធកាតព្វកិច្ចដ៏ខ្ពស់ដល់ទៅបីខ្ទង់ លើទំនិញរបស់គ្នាទៅវិញទៅមក។
នៅក្នុងបទសម្ភាសន៍មួយលើបណ្តាញ Fox News លោក Bessent ក៏បានបង្ហើបប្រាប់ផងដែរថា ប្រធានាធិបតីចិន លោក Xi Jinping បានអញ្ជើញលោកប្រធានាធិតី Donald Trump ឱ្យចូលរួមកិច្ចប្រជុំមួយ ប៉ុន្តែគេមិនបានកំណត់ពេលវេលាច្បាស់នោះទេ។
លោក Trump បានប្រាប់ស្ថានីយទូរទស្សន៍ CNBC នៅដើមខែនេះថា សហរដ្ឋអាមេរិក និងចិន កំពុងខិតជិតកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការមួយហើយ ហើយលោកនឹងជួបលោក Xi នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច៕