ចំហេះព្រៃបន្តឆេះរាលដាលពាសពេញអឺរ៉ុបខាងត្បូង ខណៈសីតុណ្ហភាពក្ដៅគគុកស..ម្លាប់មនុស្សមួយចំនួន

មនុស្សយ៉ាងហោចណាស់ ៣នាក់ បានស្លាប់នៅក្នុងរលកកម្ដៅដ៏កំណាច ដែលកំពុងដុតបញ្ឆេះដីព្រៃរាប់សិបកន្លែងនៅទូទាំងផ្នែកនៃទ្វីបអឺរ៉ុបភាគខាងត្បូង ដោយបង្ខំមនុស្សរាប់ពាន់នាក់ឱ្យរត់ជម្លៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្រុមពន្លត់អគ្គិភ័យរាប់ពាន់កំពុងប្រឹងប្រែងទប់ទល់អណ្ដាតភ្លើង។
កាលពីថ្ងៃអង្គារ (១២ សីហា) ការជូនដំណឹងពណ៌ក្រហមអំពីកម្ដៅ ត្រូវដាក់ចេញនៅផ្នែកនានានៃអ៊ីតាលី បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងតំបន់បាល់កង់ ដោយព្រមានពីហានិភ័យសំខាន់ៗចំពោះសុខភាព ដោយសារសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ។ សេវាកម្មអាកាសធាតុអេស្ប៉ាញ និយាយថា សីតុណ្ហភាពអាចឡើងដល់ ៤៤អង្សាសេ នៅតំបន់ Seville និង Cordoba ខណៈភាគខាងត្បូងព័រទុយហ្គាល់ ក៏អាចឡើងដល់ ៤៤អង្សាសេ ដូចគ្នាដែរ។
អាជ្ញាធរអេស្ប៉ាញនិយាយនៅថ្ងៃអង្គារថា មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស ហើយទាហានជិត ១ពាន់នាក់ កំពុងទប់ស្កាត់ចំហេះព្រៃ និងមនុស្សម្នាក់ស្លាប់ដោយសាររងរបួសរលាកធ្ងន់ធ្ងរពីចំហេះ។ មន្រ្តីអ៊ីតាលីនិយាយថា កុមារម្នាក់បានស្លាប់ទាក់ទងនឹងកម្ដៅខ្លាំង ហើយសីតុណ្ហភាព ៤០អង្សាសេ រំពឹងថានឹងកើតមាននៅចុងសប្តាហ៍នេះ។ ការស្លាប់ទីបី កើតឡើងនៅរូម៉ានី ជាទីដែលអាជ្ញាធរនិយាយថា ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ត្រូវប្រទះឃើញសន្លប់ក្នុងរថយន្ត ក្រោយមកក៏ស្លាប់នៅមន្ទីរពេទ្យ។
ស្ទើរតែបីភាគបួននៃបារាំង ស្ថិតក្រោមការជូនដំណឹងពីកម្ដៅ ជាមួយនឹងការព្យាករសីតុណ្ហភាពឡើងដល់កំពូល ៣៦អង្សាសេ ក្នុងតំបន់ប៉ារីស និង ៤០អង្សាសេ នៅតំបន់ Rhône Valley។ ក្រិកវិញកំពុងប្រយុទ្ធនឹងចំហេះព្រៃជាង ១៥០កន្លែងទូទាំងប្រទេស ដោយមានអ្នកពន្លត់អគ្គីភ័យជិត ៥ពាន់នាក់ និងយន្តហោះរាប់សិបគ្រឿងជួយពន្លត់អណ្ដាតភ្លើង និងការជម្លៀសទ្រង់ទ្រាយធំជាច្រើន។ ចំណែកប្រទេសផ្សេងទៀត ដូចជាទួរគី ក្រូអាត និងចក្រភពអង់គ្លេស រួមទាំងកន្លែងជាច្រើន ក៏បន្តទប់ស្កាត់ចំហេះព្រៃដ៏រីករាលដាល ហើយប្រជាជនកំពុងរងទុក្ខក្នុងរលកកម្ដៅដ៏កំណាចខុសធម្មតានៅឆ្នាំនេះ៕

You might also like