និស្សិតខ្មែរប្រមាណ ៨០០នាក់ហើយ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកដល់កម្ពុជា វិញ ខណៈនិស្សិតមួយចំនួនទៀត ក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។
និស្សិតខ្មែរប្រមាណ ៨០០នាក់ហើយ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកដល់កម្ពុជា វិញ ខណៈនិស្សិតមួយចំនួនទៀត ក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២៥ នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប ១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែន កម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជា បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ជាបន្តបន្ទាប់។ ក្នុងនោះគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ និស្សិតចំនួនប្រមាណ ៨០០នាក់ បានចាកចេញពីប្រទេសថៃ មកដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយកឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកដល់ពេលនេះ ក្រសួងអប់រំ បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោ សរុបបានចំនួន ៦៥៩នាក់ ក្នុងនោះលើកទី១ ចំនួន១៧៩នាក់ និងលើកទី២ ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិត ឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជូនណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅក្នុងប្រទេស និង ទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាងធនធានមនុស្សដើម្បីអនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ ក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបានជួយអនុគ្រោះពិចារណាលើការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជាយើង។
គួរជម្រាបជូនថា ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពនិស្សិតខ្មែរ ដែលសិក្សានៅប្រទេសថៃ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំពាវនាវដល់និស្សិតៗ ដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រឡប់មកសិក្សានៅប្រទេសកម្ពុជាវិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់និស្សិតខ្មែរទាំងនោះ៕