ថៃកំពុងឈានទៅរកវិបត្តិរដ្ឋធម្មនុញ្ញមួយទៀត ខណៈថ្ងៃ២៩សីហានឹងកំណត់ជោគវាសនានាយករដ្ឋមន្ត្រី Paetongtarn

ប្រទេសថៃកំពុងឈានទៅរកវិបត្តិរដ្ឋធម្មនុញ្ញថ្មី ខណៈកាលបរិច្ឆេទតុលាការថ្ងៃទី ២៩ ខែសីហាជិតមកដល់សម្រាប់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដោយមានការតតាំងចំនួន៣តាមផ្លូវតុលាការពាក់ព័ន្ធនឹងគ្រួសារដែលជាការប្រឈមខ្ពស់ ដែលបានកំណត់ដើម្បីសម្រេចជោគវាសនារបស់លោកស្រី និងជំហរផ្លូវច្បាប់របស់ឪពុកខ្លួន គឺលោក ថាក់ស៊ីន ដែលរុញឱ្យមានភាពតានតឹងក្នុងប្រទេស។

នយោបាយថៃកំពុងរង្គោះរង្គើបោះជំហានទៅរកវិបត្តិរដ្ឋធម្មនុញ្ញដ៏គ្រោះថ្នាក់មួយទៀត ខណៈត្រកូលអ្នកនយោបាយ ស៊ីណាវ៉ាត់ កំពុងត្រៀមទប់ទល់នៅតុលាការកំពូលចំនួន ៣ករណី ចន្លោះពីថ្ងៃទី ២២និង ២៩ ខែសីហាខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ ក្រុមអ្នកវិភាគព្យាករណ៍ថាលោកស្រី នឹងត្រូវបណ្តេញចេញពីតំណែង ជាមេដឹកនាំគណបក្សភឿថៃទីពីរក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះដែលត្រូវទម្លាក់ចោលដោយតុលាការ។

តុលាការធម្មនុញ្ញនឹងកាត់ក្តីនៅថ្ងៃទី ២៩ សីហាក្នុងសំណុំរឿងដែលអាចដកលោកស្រី Paetongtarn Shinawatra ចេញពីតំណែង។នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែងរូបនេះ ប្រឈមនឹងការចោទប្រកាន់ពីការរំលោភក្រមសីលធម៌ធ្ងន់ធ្ងរជុំវិញការដឹកនាំរបស់លោកស្រី។   ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលសមាជិកព្រឹទ្ធសភាចំនួន ៣៦ រូបបានដាក់ញត្តិទៅតុលាការធម្មនុញ្ញ។ ពួកគេបានអះអាងថា ការប្រព្រឹត្តរបស់លោកស្រីបានបំពានរដ្ឋធម្មនុញ្ញ និងបំពានលើបទដ្ឋានសីលធម៌តាមមាត្រា ១៧០។ កាលពីថ្ងៃទី ១ ខែកក្កដា តុលាការបានបោះឆ្នោតសំឡេងគាំទ្រ ៩ទល់នឹង០ ដើម្បីទទួលយកញត្តិ។ នៅថ្ងៃដដែល ចៅក្រមបានបោះឆ្នោត សំឡេងគាំទ្រ៧ទល់នឹង២ ដើម្បីព្យួរតំណែងលោកស្រីជានាយករដ្ឋមន្ត្រី ដោយរង់ចាំសាលក្រមចុងក្រោយ។ ចាប់តាំងពីពេលនោះមក លោកស្រី បានបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ប៉ុន្តែមិនអាចបំពេញមុខងារជានាយករដ្ឋមន្ត្រីបានទេ។ ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកនយោបាយបានកើនឡើងយ៉ាងខ្លាំងដល់បច្ចុប្បន្ន៕

You might also like