ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារពលករដែលទើបត្រឡប់ពីប្រទេសថៃ ចំនួន ៤៣គ្រួសារ
ឃុំក្រាំងស្គារ-ស្រុកទឹកផុស៖នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង,អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងស្គារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារពលករដែលទើបត្រឡប់ពីប្រទេសថៃ ចំនួន ៤៣គ្រួសារ នៅមន្ទីរគណបក្សឃុំក្រាំងស្គារ ។
ពិធីជួបជុំសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ,គណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិទាំង៧ ផងដែរ ។
សូមបញ្ជាក់ជូនផងដែរថា ការជួបសំណេះសំណាលជាមួយពលករថ្ងៃនេះ គឺជាលើកទី២ហើយសម្រាប់ឃុំក្រាំងស្គារ ដែលលើកទី១ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី នៅសាលាស្រុកទឹកផុស មានពលករចំនួន ២៤ គ្រួសារ ។
បន្ទាប់ពីបានពាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ,សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះពលករដែលទើបត្រលប់ពីប្រទេសថៃ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ-ធិបតី ក្នុងការពារបូរណភាពទឹកដី និងការបញ្ចប់សង្រ្គាមនាំសន្តិភាពជូនជាតិ និងប្រជាជន ។
ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនដល់បងប្អូនពលករ អោយទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងពលករទាំងអស់ ដែលទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ តាមរយះការផ្តល់ជាសម្ភារ ថវិកា និងគ្រឿងបរិភោគជាច្រើន រយះពេលកន្លងមកនេះ។
ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនបងប្អូនពលករជ្រាបថា សម្តេចតេជោ និងសម្តេចធិបតី បានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់បងប្អូនពលករនៅប្រទេសថៃ បន្ទាប់ពីថៃបានឈ្លានពានទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក និងការធ្វើបាបដល់បងប្អូនពលករយើង ពីសំណាក់ជនជាតិថៃមួយចំនួន ។
ក្នុងន័យនេះហើយ ទើបសម្តេចតេជោ-ធិបតី បានអំពាវនាវអោយបងប្អូនពលករខ្មែរទាំងអស់នៅប្រទេសថៃ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ស្របពេលដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មរាប់សិបម៉ឺនកន្លែង តាមរយះក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវ: ។
នៅក្នុងឧកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បាននាំយកអំណោយមកចែកជូនបងប្អូនពលករទាំង៤៣ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ, ទឹកស៊ីអ៉ីវ១យួរ,ទឹកត្រី ១យួរ,មីខ្លាឃ្មុំ ១កេស ,ភេសជ្ជៈGreet ១កេស , សារ៉ុង ១,ថ្នាំប៉ារ៉ា ២បន្ទះ និង ថវិកាមួយចំនួន ។