ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី

ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហការផ្នែកវិស័យឌីជីថល។
នាព្រឹកថ្ងៃទី១៣ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័ររវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដោយ ឯកឧត្ដម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad តំណាងដោយ លោក Vivek Sood នាយកប្រតិបត្តិនិងជាអភិបាលគ្រប់គ្រងនៃក្រុមហ៊ុន។ អនុស្សរណៈនៃការយោគយល់នេះ សំដៅពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្លាស់ប្ដូរព័ត៌មាន និងការចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាមួយឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងថ្នាក់ដឹកនាំរដ្ឋនិងឯកជនជាច្រើនក្នុងប្រទេសម៉ាឡេស៊ី ក្នុង “សន្និសីទកិច្ចសហការក្នុងតំបន់អាស៊ីអាគ្នេយ៍” របស់ក្រុមហ៊ុន China Mobile ដើម្បីជជែកពិភាក្សាអំពីឱកាសនិងកិច្ចសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតក្នុងប្រទេសម៉ាឡេស៊ីនិងក្នុងតំបន់។ ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកអំពីសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តួយ៉ាងការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត។
នាថ្ងៃទី១៤ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញធ្វើទស្សនកិច្ចនៅទីភ្នាក់ងារពន្លឿនការស្រាវជ្រាវសម្រាប់បច្ចេកវិទ្យានិងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី (Malaysia Research Accelerator for Technology and Innovation) និង សហគ្រាសសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (Malaysia Digital Economy Corporation) ដើម្បីស្វែងយល់អំពីដំណើរការការងារ សមិទ្ធផល និងបទពិសោធរបស់ទីភ្នាក់ងារទាំងពីរក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសម៉ាឡេស៊ី។ ស្របគ្នានឹងការជំរុញការកសាងហេដ្ឋរចនាសម្ព័ន្ធនិងធនធានមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងពង្រឹងនិងពង្រីកបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈកិច្ចសហការជាមួយវិស័យឯកជននិងដៃគូអន្តរជាតិ ជាពិសេសការបង្កើតសួនឌីជីថល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា។

You might also like