រុស្សី និយាយសម្រាលកិច្ចពិភាក្សាជាមួយលោក Zelensky ខណៈលោកTrump ព្រមានថាលោក Putinប្រហែលមិនចង់ធ្វើកិច្ចព្រមព្រៀងទេ

វិមានក្រឹមឡាំង បាននិយាយសម្រាលការពិភាក្សាអំពីកិច្ចប្រជុំកំពូលដែលជិតមកដល់រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Volodymyr Zelensky របស់អ៊ុយក្រែន ខណៈលោកDonald Trump បានអំពាវនាវជាថ្មីឱ្យមេដឹកនាំទាំងពីរជួបគ្នាដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ការជំរុញឱ្យមានកិច្ចប្រជុំទ្វេភាគីកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកបានជួបលោក Putin នៅរដ្ឋអាឡាស្កា កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានស្វាគមន៍មេដឹកនាំអឺរ៉ុបចំនួន៧រូប និងលោក Zelensky ទៅកាន់សេតវិមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក Trump បានទទួលស្គាល់ថាជម្លោះនេះពិបាកដោះស្រាយ ហើយបានទទួលស្គាល់ថា វាអាចទៅរួចដែលប្រធានាធិបតីរុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការបញ្ចប់អរិភាព។
លោកបាននិយាយកាលពីថ្ងៃអង្គារថា យើងនឹងស្វែងយល់ពីប្រធានាធិបតី Putin ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ។វាអាចទៅរួចដែលរូបលោក មិនចង់ធ្វើកិច្ចព្រមព្រៀង ។
លោកTrump បន្ថែមថា លោក Putin ប្រឈមនឹងស្ថានភាពលំបាក ប្រសិនបើមិនចង់ធ្វើកិច្ចព្រមព្រៀងមែន តែលោកពុំផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។
ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទ បានប្រាប់លោក Trump ថាលោកបើកចំហចំពោះគំនិតនៃកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ប៉ុន្តែនៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានទម្លាក់ការប្តេជ្ញាចិត្តមិនច្បាស់លាស់នោះ។
លោកថា កិច្ចប្រជុំណាមួយនឹងត្រូវរៀបចំតាមដំណាក់កាលបន្តិចម្តងៗ ចាប់ផ្តើមពីកម្រិតអ្នកជំនាញ ហើយបន្ទាប់ពីនោះត្រូវឆ្លងកាត់គ្រប់ជំហានដែលត្រូវការ ដោយបញ្ជាក់ឡើងវិញនូវខ្សែបន្ទាត់វិមានក្រឹមឡាំងដែលតែងតែលើកឡើងជាញឹកញាប់ ៕

You might also like