ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់រដូវមូសុងថ្មីៗ នៅប៉ាគីស្ថានភាគខាងជើងកើនឡើងដល់ជិត ៤០០នាក់
ក្រុមអ្នកជួយសង្គ្រោះ និងអ្នកភូមិបានស្វែងរកអ្នកនៅរស់រានមានជីវិតកាលពីថ្ងៃអង្គារ ១៩ សីហា ខណចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងទឹកជំនន់ដ៏គំហុកនាពេលថ្មីៗ នៅភាគខាងជើងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ជិត៤០០ នាក់។
ទឹកជំនន់រដូវមូសុងបានបោកបក់បំផ្លាញភូមិឋានទាំងមូល បង្កឱ្យមានបំណាក់ដី និងបានធ្វើឱ្យមនុស្សជាច្រើនបាត់ខ្លួន ដោយក្រុមអាជ្ញាធរបានព្រមានថា ភ្លៀងទំនងជាបន្តរហូតដល់ចុងសប្តាហ៍នេះ។
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NDMA) បាននិយាយថា មនុស្ស ៣៥៦នាក់បានស្លាប់នៅក្នុងខេត្ត Khyber Pakhtunkhwa ចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ មនុស្សរាប់សិបនាក់ទៀតបានស្លាប់ក្នុងតំបន់នានាជិតខាង ដែលនាំឱ្យចំនួនអ្នកស្លាប់រយៈពេលប្រាំថ្ងៃកើនឡើងដល់ជិត៤០០។
ផ្លូវជាច្រើនត្រូវបានទឹកហូរនាំកួចដោយធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈបណ្តាញទូរស័ព្ទដែលខូចបានធ្វើឱ្យផ្នែកខ្លះនៃខេត្តមួយនេះ ត្រូវបានកាត់ផ្តាច់។
នៅតំបន់ Sindh ភាគខាងត្បូង ជាទីតាំងដែលភ្លៀងទើបតែចាប់ផ្តើមធ្លាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមមន្ត្រីបានព្រមានពីទឹកជំនន់ដែលអាចកើតមាននៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុង Karachi ដោយសារហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ។
ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង អ្នកបើកបរនៅទីក្រុង Karachi ត្រូវបានជាប់គាំងក្នុងទឹកដែលចេះតែហក់ឡើង ហើយសង្កាត់ជាច្រើនបានបាត់បង់ថាមពល ខណៈប្រព័ន្ធលូចាស់របស់ទីក្រុងនេះ មិនអាចដោះស្រាយបាន៕






