ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការតម្រង់ទិសនៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក

នាថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃគម្រោងស្តារនិងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការតម្រង់ទិសនៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គលេខាធិការ ដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ លោក Emmanuel Dollfus នាយកស្តីទីនៃទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហការី រួមទាំងសមាជិករបស់គណ:កម្មាធិការតម្រង់ទិស ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបប្រមាណ ៥០នាក់ ។
ក្នុងឱកាសនេះ ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងចូលរួមពិភាក្សា ចែករំលែកពិសោធន៍ល្អៗ និងផ្តល់អនុសាសន៍ សំដៅតម្រង់ទិសឱ្យការអនុវត្តគម្រោងសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគាំទ្រចំពោះគម្រោង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ដើម្បីធានាថា ការអនុវត្ត និងការគ្រប់គ្រងគម្រោងនេះនៅថ្ងៃអនាគតនឹងមានប្រសិទ្ធភាពប្រកបដោយចីរភាព និងស័ក្តិសិទ្ធិភាព៕

You might also like