អ៊ីរ៉ង់ ហៅបញ្ហាជាមួយអាមេរិក ថា «មិនអាចដោះស្រាយបាន» ស្របពេលភាពតានតឹងនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលថ្ងៃអាទិត្យ (២៤ សីហា) ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា ស្ថានភាពបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកគឺ “មិនអាចដោះស្រាយបានទេ” ហើយថា ទីក្រុងតេអេរ៉ង់ នឹងមិនចុះចាញ់នឹងសម្ពាធហើយស្តាប់តាមបង្គាប់របស់ទីក្រុងវ៉ាស៊ីនតោនឡើយ ស្របពេលមានការប្រឈមមុខដាក់គ្នាជាមួយមហាអំណាចលោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានផ្អាកកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃក្នុងខែមិថុនា។ ការអត្ថាធិប្បាយរបស់លោក Khamenei នេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងការបន្តពិភាក្សាដើម្បីព្យាយាមចាប់ផ្តើមកិច្ចចរចាពេញលេញឡើងវិញ លើការទប់ស្កាត់ការងារបង្កើននុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្ដីលោក Khamenei ថា “ពួកគេចង់ឱ្យអ៊ីរ៉ង់ស្តាប់បង្គាប់អាមេរិក។ ប្រជាជាតិអ៊ីរ៉ង់ នឹងឈរជាមួយនឹងអំណាចទាំងអស់របស់ខ្លួន ប្រឆាំងនឹងអ្នកដែលមានការរំពឹងទុកខុសឆ្គងបែបនេះ”។ លោកបន្ថែមថា៖ «អ្នកដែលស្នើអ៊ីរ៉ង់ កុំឱ្យចេញពាក្យស្លោកប្រឆាំងអាមេរិក… ឱ្យមានការចរចាផ្ទាល់ជាមួយអាមេរិក គឺគ្មានភាពជាក់ស្ដែងទេ… បញ្ហានេះមិនអាចដោះស្រាយបានឡើយ»។
មហាអំណាចអឺរ៉ុបទាំងបីគឺបារាំង អង់គ្លេស និងអាឡឺម៉ង់ បាននិយាយថា ពួកគេអាចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ឡើងវិញ ក្រោមយន្តការ “ត្រឡប់ទៅស្ថានភាពដើម” ប្រសិនបើក្រុងតេអេរ៉ង់ មិនព្រមត្រឡប់ទៅតុចរចាទេនោះ។ រដ្ឋអឺរ៉ុបទាំងនេះ រួមនឹងអាមេរិក បាននិយាយថា អ៊ីរ៉ង់កំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់ប្រកែកថា ខ្លួនចាប់អារម្មណ៍តែការអភិវឌ្ឍថាមពលនុយក្លេអ៊ែរស៊ីវិលប៉ុណ្ណោះ៕






