វៀតណាម ចាប់ផ្ដើមជម្លៀសប្រជាជនទ្រង់ទ្រាយធំ បិទអាកាសយានដ្ឋាន ចំពោះមុខការគំរាមកំហែងពីព្យុះទីហ្វុង Kajiki

(ហាណូយ)៖ វៀតណាម នៅថ្ងៃចន្ទ ទី២៥ ខែសីហា បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះអាសន្ន ហើយចាប់ផ្ដើមជម្លៀសប្រជាជនទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹង ព្យុះដ៏មានឥទ្ធិពលបំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល នៃប្រទេសវៀតណាម ហើយត្រូវបានព្យាករថានឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាលវៀតណាមក៏បានព្រមានផងដែរពី ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ ព្រមទាំងរអិលបាក់ដី។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Kajiki ត្រូវបានរំពឹងថានឹងក្លាយជាព្យុះដ៏កំណាចបំផុតមួយដូចជាព្យុះទីហ្វុង Yagi ដែលបានវាយប្រហារលើប្រទេសមួយនេះ កាលពីឆ្នាំ២០២៤ ដោយសម្លាប់មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល ៣.៣ពាន់លានដុល្លារ។ អាជ្ញាធរវៀតណាមកាលពីថ្ងៃអាទិត្យ បាននិយាយថា មនុស្សជាងកន្លះលាននាក់អាចនឹងត្រូវបានជម្លៀស។
ចំណែកបើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម អាកាសយានដ្ឋាន២ ក្នុងខេត្ត Thanh Hoa និង Quang Binh ត្រូវបានបិទជាបណ្ដោះអាសន្ន រីឯក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និង Vietjet បានលុបចោលជើងហោះហើររាប់សិបជើង៕

You might also like