ផ្ទុះកំហឹងជាទូទៅបន្ទាប់ពីអ៊ីស្រាអែល ស.ម្លាប់អ្នកសារព័ត៌មាន៥នាក់ ក្នុងការវាយប្រហាររលកទី២ លើមន្ទីរពេទ្យហ្កាហ្សា

អ៊ីស្រាអែលកំពុងប្រឈមការថ្កោលទោសដ៏ខ្លាំងក្លា ក្រោយការវាយប្រហារពីរលើកលើមន្ទីរពេទ្យ ហ្កាហ្សា សម្លាប់អ្នកកាសែត៥នាក់ ក៏ដូចជាបុគ្គលិកពេទ្យ និងអ្នកផ្សេងទៀតកាលពីថ្ងៃចន្ទ។ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោចណាស់២០ នាក់បានស្លាប់ក្នុងការវាយប្រហារនេះ ដោយមានមនុស្សជាច្រើននាក់ទៀតរងរបួស។
ក្រសួងបាននិយាយថា អ៊ីស្រាអែល បានវាយប្រហារឥតឈប់ឈរលើមន្ទីរពេទ្យ Nasser នៅតំបន់ Khan Younis ។ មន្ទីរពេទ្យ Nasser បាននិយាយថា ការវាយប្រហាររលកទី២លើមន្ទីរពេទ្យហ្កាហ្សា បានសម្លាប់អ្នកកាសែត បុគ្គលិកសុខាភិបាល និងក្រុមសង្គ្រោះបន្ទាន់ ដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដំបូង។
ក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ថា អ្នកកាសែត និងអ្នកឆ្លើយតបដំបូងត្រូវបានសម្លាប់ ដោយសំដៅទៅលើការស្លាប់របស់ពួកគេថាជា “ឧប្បត្តិហេតុដ៏សោកនាដកម្ម។ លោកវេជ្ជបណ្ឌិត Mohammad Saqer អ្នកនាំពាក្យមន្ទីរពេទ្យ និងជាប្រធានផ្នែកគិលានុបដ្ឋាកនិយាយថា អ្នកសារព័ត៌មាន ៥នាក់ និងបុគ្គលិកសុខាភិបាល៤នាក់បានស្លាប់។
អ្នកកាសែតដែលត្រូវបានសម្លាប់ឈ្មោះ Mohammad Salama ជាអ្នកថតរូបមកពីសារព័ត៌មាន Al Jazeera លោក Hussam Al-Masri ជាអ្នកម៉ៅការឱ្យសារព័ត៌មាន Reuters លោកស្រី Mariam Abu Dagga បុគ្គលិកបម្រើការឲ្យសារព័ត៌មាន Associated Press (AP) និងអ្នកសារព័ត៌មានផ្សេងទៀតនៅទូទាំងសង្រ្គាម និងអ្នកកាសែតឯករាជ្យ( freelance) លោក Moath Abu Taha និង លោក Ahmed Abu Aziz ។
អង្គការការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយថា សមាជិកក្រុមការងាររបស់ខ្លួនម្នាក់ក៏បានស្លាប់ ក្នុងការវាយប្រហារនេះដែរ។ ការវាយប្រហាររបស់អ៊ីស្រាអែល បានត្រូវចំយ៉រមួយ នៅលើមន្ទីរពេទ្យដែលអ្នកសារព័ត៌មានប្រើសម្រាប់ផ្ដិតយកទិដ្ឋភាពសំខាន់ៗ ក្នុងតំបន់ Khan Younis៕

You might also like