ព្យុះទីហ្វុង Kajiki បានឆក់យកជីវិតមនុស្ស៣នាក់នៅវៀតណាម ខណៈទឹកជំនន់ជន់លិចផ្លូវនៅទីក្រុងហាណូយ

ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ២៦ សីហានេះថា ព្យុះទីហ្វុង Kajiki បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស១០ នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈពួកគេបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះនេះបានបំផ្លិចបំផ្លាញលំនៅឋានជិត ៧.០០០ ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨.៨០០ ហិកតា និងបានបំផ្លាញដើមឈើចំនួន១៨.០០០ ដើម។ ព្យុះនេះក៏បានបំផ្លាញបង្គោលភ្លើងចំនួន ៣៣១ ដើមផងដែរ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត ថាញ់ហ័រ (Thanh Hoa) ខេត្តណេអាន( Nghe An)ខេត្ត ហាទិញ ( Ha Tinh) ខេត្ត ថៃង្វៀន(Thai Nguyen) និង ខេត្ត ភូ តូ (Phu Tho) ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញផ្លូវនានាក្នុងរដ្ឋធានីហាណូយត្រូវបានទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ ខណៈ ភ្លៀងកំពុងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ។
ទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថា បន្ទាប់ពីវាយប្រហារនៅឆ្នេរសមុទ្រភាគកណ្តាល នៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃចន្ទ ព្យុះទីហ្វុង Kajiki ចាប់តាំងពីពេលនោះមកបានចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក ខណៈបោកបក់ទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃអង្គារនេះ។
ទីភ្នាក់ងារនេះបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់នៅតំបន់មួយចំនួននៃភាគខាងជើងប្រទេសវៀតណាម ដោយតំបន់ខ្លះទំនងជាមានកម្រិតទឹកភ្លៀងធ្លាក់ដល់ទៅ ១៥០ មីលីម៉ែត្រក្នុងរយៈពេល ៦ ម៉ោងដែលអាចបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី។
មុនពេលវាយប្រហារនៅប្រទេសវៀតណាម ព្យុះ Kajiki បានបោកបក់ពាសពេញតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Hainan របស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យទីក្រុង Sanya នៅលើកោះនេះបិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈ៕

You might also like