អ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ ធ្វើបទបង្ហាញប្លង់មេនៃការផ្លាស់ប្ដូរឌីជីថល ក្នុងសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
សៀមរាប៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃដំបូងនៃសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ លោកសាស្ត្រាចារ្យ Kim Min Han ដែលជាអ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌអាស៊ានបូកបី បានធ្វើបទបង្ហាញស្ដីពីប្លង់មេនៃការផ្លាស់ប្ដូរឌីជីថល (Digital Transformation Blueprint of AMS countries) ជូនដល់សិក្ខាកាម ជាគណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ លេខាធិការដ្ឋានអាស៊ាន និងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមក្នុងសិក្ខាសាលា។
ក្រោយបទបង្ហាញរបស់លោកសាស្ត្រាចារ្យ Kim Min Han បានបញ្ចប់ បទបង្ហាញចំនួន៣ផ្សេង ទៀត លើប្រធានបទតែមួយ ស្ដីពី ឧត្ដមានុវត្តន៍/ករណីសិក្សាលើប្លង់មេនៃការផ្លាស់ប្ដូរឌីជីថលត្រូវបានរៀបចំជាបន្តបន្ទាប់ពីប្រទេសចំនួន៣ផ្សេងគ្នាគឺ៖ កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។
ក្រោយបទបង្ហាញ សិក្ខាសាលាបានរៀបចំឱ្យមានវេទិកាពិភាក្សា និងសំណួរចម្លើយដើម្បីទទួលបានធាតុចូលបន្ថែម ការស្រាយបំភ្លឺ និងការចែករំលែកបទពិសោធនានាជុំវិញប្រធានបទដែលបានកំណត់។






