មន្រ្តីលោក Trump ៖ ការឈប់លើកលែងពន្ធលើកញ្ចប់ទំនិញតម្លៃទាបរបស់អាមេរិក ជាវិធានការអចិន្ត្រៃយ៍
ក្រុមមន្រ្តីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ការលើកលែងពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនកញ្ចប់ឥវ៉ាន់តម្លៃទាបក្រោម ៨០០ដុល្លារ គឺបញ្ចប់ជាអចិន្ត្រៃយ៍នៅថ្ងៃសុក្រ ២៩ សីហា នេះ ជាមួយនឹងរយៈពេលផ្លាស់ប្តូរក្នុងដំណើរការ ៦ខែ ដោយនៅក្រោមវិធានការថ្មីនេះ អ្នកដឹកជញ្ជូនសេវាប្រៃសណីយ៍ អាចជ្រើសរើសបង់ពន្ធជាប្រាក់ពី ៨០ដុល្លារ ទៅ ២០០ដុល្លារអាមេរិក ក្នុងមួយកញ្ចប់ អាស្រ័យលើប្រទេសដើមកំណើតនៃទំនិញ។
ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) នឹងចាប់ផ្តើមប្រមូលអត្រាពន្ធតាមធម្មតាលើការនាំចូលកញ្ចប់ឥវ៉ាន់ពីទូទាំងពិភពលោកទាំងអស់ ដោយមិនគិតពីតម្លៃទំនិញឡើយ បន្ទាប់ពីម៉ោងក្នុងស្រុក ១២:០១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ២៩ សីហា នេះ។ វិធានការនេះក៏បានពង្រីកការលុបចោលរបស់រដ្ឋបាលលោក Trump លើការលើកលែង «ពន្ធតូចតាច» សម្រាប់ការដឹកជញ្ជូនពីចិន និងទីក្រុងហុងកុង កាលពីដើមឆ្នាំនេះផងដែរ។
គួរឱ្យដឹងថា ការលើកលែង «ពន្ធតូចតាច» របស់អាមេរិក មានតាំងពីឆ្នាំ១៩៣៨មក ហើយតម្លៃកញ្ចប់ទំនិញដែលត្រូវលើកលែងពន្ធ ត្រូវដំឡើងពី ២០០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុងឆ្នាំ២០១៥ ជាមធ្យោបាយមួយដើម្បីជំរុញកំណើនអាជីវកម្មខ្នាតតូចលើទីផ្សារអេឡិចត្រនិក។ ប៉ុន្តែការនាំចេញដោយផ្ទាល់ពីចិន បានផ្ទុះឡើងបន្ទាប់ពីលោក Trump ដំឡើងពន្ធលើទំនិញចិន ក្នុងអាណត្តិដំបូង ដោយបង្កើតគំរូអាជីវកម្ម «ដឹកជញ្ជូនផ្ទាល់ឱ្យអតិថិជន» ថ្មីសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើន។
មូលហេតុនេះហើយដែលនាំឱ្យកញ្ចប់ទំនិញតម្លៃទាបជាច្រើនត្រូវដឹកជញ្ជូនដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ហើយរដ្ឋបាលលោក Trump ក៏ស្តីបន្ទោសការលើកលែងពន្ធតូចតាចបែបនេះ ថាជាមូលហេតុអនុញ្ញាតឱ្យសារធាតុញៀនហ្វង់តានីល និងគ្រឿងផ្សំសារធាតុដ៏គ្រោះថ្នាក់នេះ ហូរចូលទឹកដីអាមេរិក៕



