លោក Anutin ជាបេក្ខជននាំមុខ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្រោយតុលាការបណ្ដេញលោកស្រី Paetongtarn

ការប្រណាំងប្រជែងដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្នុងប្រទេសថៃ កាន់តែឡើងឡើងកម្ដៅខ្លាំងឡើងៗ ខណៈដែលគណបក្សនយោបាយ បានប្រឹងប្រែងបញ្ចុះបញ្ចូលគូប្រជែង ដើម្បីឲ្យគាំទ្រខ្លួន ដោយនេះកើតមានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ជុំវិញការរំលោភក្រមសីលធម៌។
លោក Anutin Charnvirakul ដែលជាអ្នកនយោបាយប្រែក្លាយពីអ្នកជំនួញ បានលេចឡើងក្នុងនាមជាអ្នកនាំមុខគេ សម្រាប់តំណែងអ្នកដឹកនាំរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្សអភិរក្សនិយម Bhumjaithai (ភូមិចៃថៃ) របស់លោក បានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សប្រឆាំង People’s Party ដែលជាក្រុមធំជាងគេតែមួយគត់ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០នាក់។
លោក Anutin បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ហើយគណបក្សរបស់លោក ទទួលបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។
ចំណែកគណបក្ស Pheu Thai (ភឿថៃ) គាំទ្រដោយត្រកូលស៊ីណាវ៉ាត់របស់លោកស្រី Paetongtarn ក៏បានអះអាងដែរថា ខ្លួនមានការគាំទ្រគ្រប់គ្រាន់ ដើម្បីរក្សាអំណាច ទោះបីជាអវត្តមានដៃគូដែលមានសមាជិក ២៥នាក់ បានលាតត្រដាងពីការបែកបាក់នៅក្នុងក្រុមក៏ដោយ។ គណបក្សនេះក៏កំពុងស្វែងរកការគាំទ្រផងដែរពី People’s Party ដោយប្រាប់ថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកលក្ខខណ្ឌដែលកំណត់ដោយក្រុមនេះ។
គួរបញ្ជាក់ថា ការបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទំនងជានឹងធ្វើឡើងពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែកញ្ញា។ ក្រោមរដ្ឋធម្មនុញ្ញថៃ បេក្ខភាពនាយករដ្ឋមន្ត្រីត្រូវការការគាំទ្រពីសមាជិកភាគច្រើន នៅក្នុងសភាជាន់ទាបជាប់ឆ្នោត៕

You might also like