គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុករថយន្តដឹកអ្នកដំណើរ បណ្តាលឲ្យរបួសស្រាល ៣នាក់នៅស្រុកកូនមុំ
(រតនគិរី)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំ និងរថយន្តដឹកអ្នកដំណើរស្របទិសគ្នា (ពីកើតទៅលិច) បណ្តាលឲ្យរបួសស្រាល៣នាក់ និងខូចខាតរថយន្តកំរិតធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២១៖១០នាទី នៅចំណុចមុខទឹកស្អាតលើផ្លូវលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (88-89) ស្ថិតនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី សាធ គន្ធា អធិការស្តីទីស្រុកកូនមុំបានថ្លែងប្រាប់ភ្នាក់ងារ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ថា រថយន្តទាំង២បង្កគ្រោះថ្នាក់ចរាចរណ៍នេះមាន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ក្បាលខាងមុខពាក់ស្លាកលេខភ្នំពេញ 3A-3885 កន្ទុយរ៉ឺម៉ក ក្រោយពាក់ស្លាកលេខកំពង់ចាម4A-1628 បើកបរឈ្មោះ យ៉ឺន សីហាក់ អាយុ៤២ឆ្នាំ មុខរបរបើកបរទីលំនៅបច្ចុប្បន្ន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រងរបួសស្រាល អ្នករួមដំណើរឈ្មោះ ធឿន វិសាល អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ស្រុកអូររាំងឪ ខេត្តកំពង់ចាម រងរបួសស្រាល។
ដោយឡែករថយន្តម៉ាកហ៊ិនយិនដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3E-2885 បើកបរដោយឈ្មោះ សាំង វិសាល អាយុ៤១ឆ្នាំ មុខរបរបើកបររងរបួសស្រាល។
លោកអធិការស្តីទីខាងលើបញ្ជាក់ឲ្យដឹងទៀតថា ការខូចខាតរួមមាន មនុស្សរងរបួសស្រាលចំនួន៣នាក់។ រថយន្តចំនួន២គ្រឿងខូចខាតកំរិតធ្ងន់។ ចំណែកឯអ្នករបួសត្រូវបានរថយន្តសង្គ្រោះមណ្ឌលសុខភាព ដឹកបញ្ជូនទៅព្យាបាលមណ្ឌលសុខភាពស្រុកកូនមុំ។ បច្ចុប្បន្នវត្ថុតាងរថយន្តចំនួន២គ្រឿងខាងលើ កំពុងហៅរថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋានស្រុកកូនមុំ៕



