គណៈប្រតិភូសភាអាមេរិក អញ្ជើញទស្សនកិច្ចប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ទស្សនកិច្ចនៅជំរំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ
( សៀមរាប)៖ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្សសាធារណរដ្ឋ បានអញ្ជើញទស្សនកិច្ចប្រាង្គប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។
ការអញ្ជើញទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ដំណើរចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ការចុះទៅពិនិត្យស្ថានភាពជនភៀសសឹកនាពេលនោះ គឺជាការឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លានពានរបស់ថៃ កាលពីពេលកន្លងមក។
សូមបញ្ជាក់ថា គណៈប្រតិភូសភាសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ បានបញ្ជាក់ថា អាមេរិកបាននិងកំពុងបន្តយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ៕



