សូមទស្សនាប្រាសាទភ្នំឈ្ងោក ដែលសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំ ខណៈរាជរដ្ឋាភិបាល ត្រៀមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

(កំពត)៖ និស្សិតរាជបណ្ឌិត្យសភាកម្ពុជា និងជាអភិបាលស្រុកទឹកឈូ ខេត្តកំពត លោក អ៉ឹម ច័ន្ទសោធន បានស្នើមហាជនសូមទៅទស្សនាប្រាសាទភ្នំឈ្ងោក ដែលសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំ ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានត្រៀមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោកស្នើបែបនេះ ក្នុងឱកាសលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមនិស្សិតរាជបណ្ឌិត្យសភាកម្ពុជា ទស្សនកិច្ចសិក្សាឈ្វេងយល់ នៅរមណីយដ្ឋានភ្នំឈ្ងោក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
បើតាមលោក អ៉ឹម ច័ន្ទសោធន រមណីយដ្ឋានភ្នំឈ្ងោក គឺជាភ្នំដែលមានប្រាសាទបុរាណក្នុងរូងភ្នំ សាងសង់ពីឥដ្ឋនាអំឡុងសតវត្សរ៍ទី៦។ រមណីយដ្ឋានប្រាសាទភ្នំឈ្ងោកមានទីតាំងស្ថិតនៅ ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ នៅលើកំពូលភ្នំមានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។
បើតាមគេហទំព័រ Visitkampot ប្រាសាទភ្នំឈ្ងោក មានមហិទ្ធិឫទ្ធិ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងអតីតកាល និងជាបូជនីយដ្ឋានយ៉ាងសំខាន់ក្នុងសម័យដែលជនជាតិខ្មែរកាន់ព្រហ្មញ្ញសាសនា។ ការស្ថាបនាប្រាសាទក្នុងរូងភ្នំ ជាការបង្ហាញនូវទស្សនៈសំយោគ នៃមនោគមន៍វិជ្ជារវាងជំនឿខ្មែរ ក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយមផ្សេងៗ។
ជាមធ្យមក្នុងមួយថ្ងៃមានជនបរទេសពី២០ទៅ៣០នាក់ បានធ្វើដំណើរមកកាន់រមណីយដ្ឋានភ្នំឈ្ងោក។ ដោយឡែ កភ្ញៀវទេសចរខ្មែរដែលមកលេងទីនេះ គឺច្រើនតែពេលមានបុណ្យទានធំៗតែប៉ុណ្ណោះ។ ពេលឡើងដល់លើភ្នំ ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពល្អស្រស់ត្រកាលនៃភូមិឋានអ្នកស្រុក និងចម្ការដំណាំនាៗ។
នៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក មានស្ថានីយ៍សំខាន់ៗ ដូចជា ប្រាសាទភ្នំដាអង្គរបុរី ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ក៏ដូចជាស្ថានីយ៍ល្អាងស្ពាន នៅបាត់ដំបង និងស្ថានីយ៍ ភ្នំឈ្ងោក នៅខេត្តកំពតផងដែរ៕

You might also like