រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញពិនិត្យស្ថានភាពនៃការប្រគល់ដុំ និងបែងចែកសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈមេប្រយោគទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ដុំ និងបែងចែកសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។
តាមការគ្រោងទុក ក្រសួងបានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងនៅទូទាំងរាជធានី-ខេត្ត ព្រមទាំងមានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕



