ភាពវឹកវរកើតឡើងនៅទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែល បង្កើនការវាយប្រហារដោយសម្លាប់មនុស្សជិត ៨០នាក់
កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧៧ នាក់នៅទូទាំងតំបន់ហ្កាហ្សា រួមទាំងមនុស្សចំនួន ៤៧នាក់នៅភាគខាងជើងទីក្រុងហ្កាហ្សា ខណៈយោធាបង្កើនយុទ្ធនាការដណ្តើមយកទីក្រុងនេះ និងជម្លៀសប្រជាជនប្រហែលមួយលាននាក់ដែលរស់នៅទីនោះ។
ការស្លាប់កាលពីថ្ងៃសៅរ៍រួមមានជនជាតិប៉ាឡេស្ទីន ១១ នាក់ដែលត្រូវបានបាញ់សម្លាប់ពេលកំពុងតម្រង់ជួរស្វែងរកជំនួយស្បៀងអាហារ ហើយបានកើតឡើងស្របពេលក្រសួងសុខាភិបាលនៅហ្កាហ្សាបានប្រកាសថាមនុស្ស ១០ នាក់ទៀតបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
នៅទីក្រុង ហ្កាហ្សា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារបីលើកជាប់ៗគ្នា ដោយបានកម្ទេចអគារមួយ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និង ជាច្រើននាក់ទៀតបានរងរបួស រួមទាំងកុមារផងដែរ។
លោក Hani Mahmoud របស់សារព័ត៌មាន Al Jazeera ដែលកំពុងរាយការណ៍ពីទីក្រុង ហ្កាហ្សា បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមានការគំរាមកំហែង និងភាពចលាចល និងធ្វើឱ្យខូចខាតដល់តំបន់រងការឡោមព័ទ្ធមួយនេះ៕






