រដ្ឋាភិបាលឥណ្ឌូណេស៊ី ព្រមទទួលយកការទាមទាររបស់អ្នកតវ៉ា ដោយប្រកាសលុបអត្ថប្រយោជន៍តំណាងរាស្ត្រ

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ បានប្រកាសនៅថ្ងៃអាទិត្យថា គណបក្សនយោបាយនានាបានយល់ព្រមលុបចោលអត្ថប្រយោជន៍ និងឯកសិទ្ធិមួយចំនួនសម្រាប់សមាជិកសភា ដែលជាសម្បទានដ៏ធំមួយចំពោះចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានផ្តាច់ជីវិតមនុស្ស ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ប្រាបូវ៉ូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «មេដឹកនាំក្នុងសភាបានបញ្ជាក់ថា ពួកគេនឹងលុបចោលគោលនយោបាយសភាមួយចំនួន រួមទាំងទំហំនៃប្រាក់ឧបត្ថម្ភសម្រាប់សមាជិកសភា និងការផ្អាកដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេស»។
លោក ប្រាបូវ៉ូ ដែលអមដំណើរដោយមេដឹកនាំគណបក្សនយោបាយជាច្រើនរូប បានបញ្ជាក់ផងដែរថា លោកបានបញ្ជាឲ្យយោធា និងប៉ូលិស ចាត់វិធានការតឹងរ៉ឹងបំផុតប្រឆាំងនឹងអ្នកបង្កភាពចលាចល និងអ្នកលួចប្លន់ ដោយបានព្រមានថា សកម្មភាពមួយចំនួនមានលក្ខណៈជា «ភេរវកម្ម» និង «អំពើក្បត់ជាតិ»។
គួរបញ្ជាក់ថា បាតុកម្មនេះបានផ្ទុះឡើងកាលពីថ្ងៃចន្ទ ប្រឆាំងនឹងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភដ៏ច្រើនលើសលប់របស់សមាជិកសភា មុននឹងរីករាលដាលទៅជាអំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបុរសម្នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់ប៉ូលិស។ គិតត្រឹមពេលនេះ តួលេខអ្នកស្លាប់សរុបកើនដល់ ៥នាក់ និងមានការដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនច្រើនសន្ធឹក៕

You might also like