ផ្ទុះបាតុកម្មនៅបាងកក ប្រឆាំងការក្រាញននៀលអំណាចរបស់បក្ស ភឿថៃ
កាលពីថ្ងៃអាទិត្យទី៣១ខែសីហាឆ្នាំ២០២៥ មនុស្សរាប់រយនាក់បានធ្វើបាតុកម្ម ប្រឆាំងនឹងគណបក្សភឿថៃ ដែលមានបំណងបង្កើតរដ្ឋាភិបាលថ្មី ហើយនៅតែក្រាញននៀលនឹងអំណាច។
បាតុករបានស្រែកប្រឆាំងនិងរិះគន់គណបក្សនេះ ដែលកំពុងចរចាជាមួយគណបក្សប្រជាជនថៃ ក្នុងការបញ្ចុះបញ្ចូលឲ្យបេក្ខជនគណបក្សភឿថៃ ឆៃកាសេម នីតិសិរី ដើម្បីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រីថ្មី ក្រោយតុលាការធម្មនុញ្ញ សម្រេចដកតំណែង ផែថងថាន ស៊ីណាវ៉ាត្រ។
លោកភីឈិត ប្រាប់ទៅក្រុមអ្នកតវ៉ាថា បក្សភឿថៃនិយាយបានតែមាត់ប៉ុណ្ណោះ រឿងដែលថានឹងរំលាយសភាក្រោយការធ្វើប្រជាមតិ ព្រោះបក្សនេះតែងតែក្បត់សន្យារហូត ហើយបើសភាត្រូវរំលាយមែន បក្សភឿថៃនិងបក្សប្រជាជននៅតែអាចបង្កើតរដ្ឋាភិបាលថ្មីដដែល អ៊ីចឹងវានៅតែស្ថិតក្រោមឥទ្ធិពលរបស់ ថាក់ស៊ីន ដដែល។
កាលពីថ្ងៃសៅរ៍ គណបក្សប្រជាជនថៃ បានដាក់ការតថ្លៃអំណាចចុងក្រោយជាមួយគណបក្សដែលនៅមានសិទ្ធិតែងតាំងបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយដាក់ការទាមទារដាច់ខាត គឺ «ត្រូវរំលាយសភានិងធ្វើប្រជាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ» ជាថ្នូរបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីឲ្យឡើងកាន់អំណាច ទោះបីក្នុងរយៈពេលខ្លីក៏ដោយ។
លោក Thanathorn Juangroongruangkit មេបក្សប្រជាជន សារភាពថា លោកបានជួបជាមួយ ថាក់ស៊ីននៅព្រឹកថ្ងៃសៅរ៍ ដោយក្នុងជំនួបនោះ លោកអះអាងថា លោកថាក់ស៊ីនចង់ពិគ្រោះជាមួយលោកថាតើបក្សប្រជាជននឹងបោះឆ្នោតគាំទ្រ ឆៃកាសេម នីតិសិរី ជានាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដែរឬទេ។
លោក Thanathorn និយាយថា៖«លោកបានប្រាប់ ថាក់ស៊ីនថា គណបក្សប្រជាជនមានជំហរច្បាស់លាស់លើបញ្ហានេះ ហើយពួកគេបានប្រកាសវាអស់រយៈពេលពីរខែមកហើយ។ លក្ខខណ្ឌសម្រាប់គាំទ្របេក្ខជននាយករដ្ឋមន្ត្រីណាមួយគឺត្រូវរំលាយសភាក្នុងរយៈពេលបួនខែនិងធ្វើប្រជាមតិដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ»។
សូមជម្រាបថា បក្សប្រជាជនត្រូវបានបង្កើតឡើងពីការប្រមូលផ្តុំតំណាងរាស្រ្តនៃគណបក្សឆ្ពោះទៅមុខ ដែលត្រូវរំលាយដោយតុលាការធម្មនុញ្ញកាលខែសីហាឆ្នាំ២០២៤។
គណបក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០២៣ ប៉ុន្តែមេបក្ស លោក ភីថា លឹមចារើនរ៉ាត បានរងបណ្តឹងជាច្រើន និង ត្រូវបានរារាំងមិនឲ្យឡើងជានាយករដ្ឋមន្ត្រី ដោយសារសមាជិកព្រឹទ្ធសភាបោះឆ្នោតប្រឆាំងគាត់ ព្រោះតែការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចក្សត្រ និង ការដកអំណាចយោធពីការជាប់ពាក់ព័ន្ធនយោបាយ៕






