ត្រឹមមួយយប់ នៅប្រទេសថៃ មានករណីបំផ្ទុះគ្រាប់បែកចំនួន០៥ ករណីបន្តបន្ទាប់គ្នា
ក្រុមផ្តាច់ខ្លួន បានបន្តបើកការវាយប្រហារផ្ទួនៗ ដោយបំផ្ទុះគ្រាប់បែកបណ្តាក់គ្នា ៥ ទីតាំងធ្វើឲ្យចលាចល ក្នុងស្រុកចំនួន៥ ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ នេះបើយោង តាមការផ្សាយរបស់ Amarin TV នារាត្រីថ្ងៃអាទិត្យទី៣១ ខែសីហា ដល់ព្រឹកថ្ងៃចន្ទទី១ខែកញ្ញា ឆ្នាំ២០២៥នេះ ។
គ្រាប់បែកដំបូងបានផ្ទុះលើផ្លូវហាយវ៉េលេខ៤០៥៦ ក្នុងស្រុក Su-ngai Padi នាវេលាម៉ោង៧:៥០នាទីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យរបួសមនុស្ស២ នាក់ និងខ្ទេចរថយន្តចំនួន០១ គ្រឿង។ ក្រោយនៅម៉ោង១១:៥៥ នាទីយប់ ក្នុងស្រុក Cha-nai ការផ្ទុះ២លើកទៀត បានអង្រួនវិហារឥស្លាម Dusongno និងផ្សារមួយកន្លែង។ នៅស្រុក Ba Cho គ្រាប់បែកបានផ្ទុះលើផ្លូវ Phetkasem ខាងមុខធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។ នៅស្រុក Cho Airong នាវេលាម៉ោងប្រមាណ១២:០៥រំលងអាធ្រាត្រ គ្រាប់បែក មួយគ្រាប់ទៀត បានផ្ទុះនៅមុខទូ ATM របស់ធនាគារដដែលនេះ។ចំណែន នៅស្រុក Sri Sakhon វេលាម៉ោង១២និង ៣០នាទី មានករណីផ្ទុះមួយទៀតកើតឡើងនៅទូATM ទល់មុខរដ្ឋបាលឃុំ Tambon Tamayung ផងដែរ ៕



