អ៊ីស្រាអែល គិតចង់ដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធ ឆ្លើយតបនឹងបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ប្រភពពីក្រុមមន្ត្រីអ៊ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យ (៣១ សីហា) ថា អ៊ីស្រាអែលកំពុងតែពិចារណាលើការដាក់បញ្ចូលតំបន់កាន់កាប់ វេសបែង (West Bank) ជាឧបសម្ព័ន្ធ ដើម្បីជាវិធានការឆ្លើយតបដែលអាចទៅរួច ចំពោះបារាំង និងប្រទេសដទៃទៀត ដែលមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយគំនិតដែលអាចប្រឈមការថ្កោលទោសជាសកនេះ នឹងត្រូវយកទៅពិភាក្សាបន្ថែមទៀត។
សមាជិកក្នុងក្រុមរដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា ការពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែល ទៅកាន់តំបន់វេសបែង — ដែលជាការបញ្ចូលជាក់ស្ដែងនូវទឹកដីកាន់កាប់ក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ នោះ— គឺជារបៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅល្ងាចថ្ងៃអាទិត្យ ដែលត្រូវរំពឹងថានឹងផ្តោតលើសង្រ្គាមហ្កាហ្សាផងដែរ។
គេមិនច្បាស់ទេថា តើវិធានការបែបនេះនឹងត្រូវអនុវត្តនៅទីតាំងណា និងនៅពេលណា ឬថាតើមានតែនៅក្នុងតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល ឬក៏ទីតាំងជាក់លាក់មួយចំនួននៃតំបន់វេសបែង ដូចជាជ្រលងហ្ស៊កដានី (Jordan Valley) ជាដើម ហើយក៏មិនច្បាស់ដែរថា តើមានជំហានជាក់ស្តែងណាមួយត្រូវធ្វើឡើងឬទេ ដែលបញ្ហាទាំងអស់នេះទំនងជាត្រូវការដំណើរការនីតិប្បញ្ញត្តិដ៏យូរ។
រាល់ជំហានឆ្ពោះទៅរកការដាក់បញ្ចូលតំបន់វេសបែង ទំនងជានឹងទាក់ទាញការថ្កោលទោសទូលំទូលាយពីប្រជាជនប៉ាឡេស្ទីន ដែលប្រឹងប្រែងទុកទឹកដីវេសបែងសម្រាប់បង្កើតរដ្ឋពេលអនាគត ក៏ដូចជាបណ្តាប្រទេសអារ៉ាប់ និងលោកខាងលិចផងដែរ។ គួររម្លឹកថា ការសន្យាកន្លងមករបស់លោក Netanyahu ក្នុងការដាក់បញ្ចូលតំបន់តាំងលំនៅរបស់ជនជាតិជ្វីហ្វ និងជ្រលងហ្ស៊កដានី ត្រូវបានលុបចោលនៅឆ្នាំ២០២០ ជាថ្នូរនឹងការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអារ៉ាប់រួម និងបារ៉ែន នៅក្នុងអ្វីដែលគេហៅថាកិច្ចព្រមព្រៀង អាប្រាហាម៕

You might also like