ការនាំចេញប្រេងរុស្ស៉ីទៅឥណ្ឌា នឹងកើនឡើងនៅក្នុងខែកញ្ញា ទោះជាមានសម្ពាធពីអាមេរិក

(មូស្គូ)៖ ក្រុមឈ្មួញបានឱ្យដឹងថា ការនាំចេញប្រេងរុស្ស៉ីទៅកាន់ឥណ្ឌា នឹងកើនឡើងនៅក្នុងខែកញ្ញា ខណៈទីក្រុងញូវដែលី កំពុងប្រឆាំងនឹងសម្ពាធពន្ធគយអាមេរិក ដែលត្រូវបានដាក់ចេញដើម្បីបង្ខំឱ្យប្រទេសនេះ បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី និងជំរុញទីក្រុងមូស្គូឱ្យឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ ២០២៥។
ក្រុមហ៊ុន BNP Paribas បានឱ្យដឹងថា «បញ្ហាពន្ធគយ បានក្លាយជាចំណុចនៃការពិភាក្សាគ្នាកាន់តែទូលំទូលាយ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក ហើយដោយសារតែការបង្កើនការចម្រាញ់ក្នុងស្រុករបស់ឥណ្ឌា ដំណើរការចំពេលរុស្ស៉ីបញ្ចុះតម្លៃប្រេង យើងមិនបានឃើញថា ឥណ្ឌាបន្ថយការនាំចូលពីរុស្ស៉ីក្នុងបរិមាណណាមួយឡើយ»។ តាមប្រភពជួញដូរប្រេងចំនួន ៣ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា នឹងបង្កើនការទិញប្រេងរុស្ស៉ីពី ១០ភាគរយទៅ ២០ភាគរយ ឬ ១៥០ ០០០បារ៉ែល ទៅ ៣០០ ០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកញ្ញា។ ជុំវិញសេចក្តីរាយការណ៍នេះ ក្រសួងប្រេងរបស់ឥណ្ឌា នៅមិនទាន់មានការបញ្ជាក់ទេ។
គួរបញ្ជាក់ថា ឥណ្ឌា បានក្លាយជាម៉ូយទិញប្រេងដ៏ធំរបស់រុស្ស៉ី ក្រោយពេលមានទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ដោយសារតែការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ទទួលបានអត្ថប្រយោជន៍ពីប្រេងឆៅដែលមានតម្លៃថោក។
ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធគយ ៥០ភាគរយលើទំនិញរបស់ឥណ្ឌា។ មន្ត្រីអាមេរិកចោទប្រកាន់ឥណ្ឌាថា បានកេងចំណេញពីការបញ្ចុះតម្លៃប្រេងរបស់រុស្ស៉ី ខណៈមន្ត្រីឥណ្ឌាចោទប្រកាន់លោកខាងលិច ថាមានស្តង់ដារពីរ ពីព្រោះសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែបន្តទិញទំនិញពីរុស្ស៉ី ដែលមានតម្លៃរាប់ពាន់លានដុល្លារ៕

You might also like